បំពង់ពក
ពក (ន.) ឈ្មោះឫស្សីពួកមួយ មានប្រហោងសាច់ស្ដើងរឹងស្រួយ សម្បុរខាងក្រៅរលោង សម្រាប់ប្រើការផ្សេងៗមានធ្វើត្រល់ ប៉ី ខ្លុយជាដើម: ត្រល់ពក ប៉ីពក ក្លាក់ពក បំពង់ពក ។
តាម រយៈរឿងនិទានប្រជាប្រិយ និងតាមរយៈជីវភាពស្រុកស្រែជនបទដែលខ្ញុំបានឆ្លងកាត់ បំពង់ពកធ្វើឡើងពីកំណាត់បំពង់ឫស្សីចន្លោះថ្នាំង២ ចោះប្រហោងទ្រវែង១ និងនៅផ្នែកខាងលើមានដៃសម្រាប់កាន់ ចងព្យួរ ហើយមានកំណាត់ឈើ១ផ្សេងទៀតសម្រាប់វាយ ឬគោះឲ្យឮសូរ “ប៉ុកៗ” ។ ជាធម្មតា គេប្រើបំពង់ពកសម្រាប់ជាសញ្ញាសម្រាប់ប្រគូកប្រកាសដល់អ្នកផងនៅ ក្នុងភូមិ នៅពេលមានកើតការអាសន្ន ឬព្រឹត្តិការណ៍ចម្លែក ឬអសន្តិសុខផ្សេងៗ ដូចជា ចន្ទគ្រាស សូរ្យគ្រាស ភ្លើងឆេះផ្ទះ ចោរប្លន់ ជាដើម ។
មកដល់បច្ចុប្បន្ន បំពង់ពកត្រូវបានគេបំភ្លេចចោល ឬក៏មិនត្រូវបានប្រើប្រាស់ក្នុងគោលបំណងខាងលើឡើយ ពីព្រោះឧបករណ៍នេះហាក់ដូចជាហួសសម័យកាលប្រើប្រាស់ទៅហើយ ។ ចំណែកខ្ញុំវិញ ខានបានឃើញឧបករណ៍នេះស្ទើរតែ២០ឆ្នាំទៅហើយ គឺនៅចាំតែឈ្មោះតាមអ្នកស្រុកកំណើតរបស់ខ្ញុំហៅថា “អំពូកៗ” ប៉ុណ្ណោះ ។ នៅតំបន់ខ្លះ គេក៏ហៅឧបករណ៍នេះថា "ត្រដោក" ផងដែរ ។ អ្វីដែលធ្វើឲ្យខ្ញុំនឹករលឹកដល់ឧបករណ៍នេះឡើងវិញ គឺនៅពេលដែលខ្ញុំបានចូលទៅបរិភោគអាហារថ្ងៃត្រង់នៅក្នុង ភោជនីយដ្ឋានមួយកន្លែង (មិនចាំឈ្មោះ) នៅតាមដងផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រតំបន់កំពង់ថ្ម ខេត្តកំពង់ធំ ។ ភោជនីយដ្ឋាននេះត្រូវបានរៀបចំឡើងជាតូបខ្ចុះធ្វើពីឫស្សីប្រក់ ស្បូវដាច់ៗពីគ្នា ហើយស្ថិតនៅក្នុងបរិវេណផ្ទះម្ចាស់ហាងតែម្ដង ។ ជាទូទៅ ភោជនីយដ្ឋានស្រដៀងគ្នានេះនៅភ្នំពេញ ឬ នៅព្រែកលាប គឺគេមានរៀបចំកណ្ដឹងអគ្គីសនីសម្រាប់ហៅម្ចាស់ហាងនៅពេលត្រូវការ អ្វីមួយ ។ ដោយឡែក ភោជនីយដ្ឋាននៅកំពង់ថ្មមួយនេះវិញ គេមានដាក់បំពង់ពក១នៅតាមតូបខ្ចុះនីមួយៗ ដើម្បីគោះជាសញ្ញាហៅម្ចាស់ហាង ។ នេះគឺជាគំនិតច្នៃប្រឌិតម៉្យាងគួរឲ្យស្ងើចសរសើរ ៕
តូបខ្ចុះដែលច្នៃរចនាម៉ូដបានល្អដោយប្រើឫស្សីមូលតូចៗ
បំពង់ពកសម្រាប់គោះហៅម្ចាស់ហាង ឬអ្នកបម្រើនៅពេលត្រូវការអ្វីមួយ
បំពង់ពកព្យួរនៅនៅលើសរសរតូបខ្ចុះ
No comments:
Post a Comment