Showing posts with label ចំណេះដឹងទូទៅ. Show all posts
Showing posts with label ចំណេះដឹងទូទៅ. Show all posts

Friday, September 4, 2009

ក្រូចឆ្មារស្ងួតស្វិតកុំបោះចោល

ពេលណាក្រូចឆ្មារទិញមកហើយប្រើមិនអស់នៅសល់ទុកយូរថ្ងៃនិងគ្រាមស្វិតសម្បក​ ពេលត្រូវការប្រើ​ និងច្របាច់យកទឹកវានិងបែកខូចដោយសារវាស្ងួតស្វិត ហេតុដូច្នេះអ្នកត្រូវយកវាទៅត្រាំនៅក្នុងទឹកក្តៅអ៊ុនៗកន្លះម៉ោងបន្ទាប់មកសម្បកក្រូចឆ្មារឡើងទន់អាចយកវាមកប្រើប្រាស់បានធម្មតាហើយ ​។

ទុកអំពិលទុំអោយបានយូរ

ចាប់ផ្តើមឡើងដោយយកអំពិលទុំមកបេះគ្រាប់ចេញហើយហាលថ្ងៃល្អួនៗ​​ រួចសូន្យជាដុំៗរួច​ប្រឡាក់អំបិល។​​ បន្ទាប់មកយកវាទៅទុកក្នុងកែវ​ ឬ​ក្រឡហើយរោយអំបិលអោយសព្វដើម្បី​រក្សារសំណើម​​ និងការពារកុំអោយដុះផ្សិត​។​ កុំភ្លេចបិទមាត់កែរ​ ឬ​ក្រឡអោយជិតផង។

ជំនឿបុរាណទាក់ទងនិងគ្រឿអលង្ការ

ចិញ្ចៀនបញ្ចាំចិត្ត

ប្រពៃណីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យ​កើតឡើងគ្រាដំបូង​ ក្នុងរាជវង្សរបស់ប្រទេសអូទ្រីស​ដោយចក្រពត្តិម៉ែកស៊ីមីលៀន​ជាមួយព្រះនាង​ មែរីនៅតំបន់បឺកាន់ឌី​។

ហេតុផលដែលចិញ្ចៀនភ្ជាប់ពាក្យភាគច្រើន​ជាពេជ្រ​ព្រោះពាក្យថា​” Diamond ” (ពេជ្រ ) មកពីពាក្យភាសាក្រិកថា​( Adamant ) មានន័យថា​” គង់វង្សយូរអង្វែង ” សម្រាប់ទុកប្រើប្រាស់មួយជីវិត​។

- ក្រិកបុរាណជឿថា​ពន្លឺចិញ្ចៀនចិញ្ចែងចិញ្ចាចរបស់គ្រាប់ពេជ្រ​ គឺជាពន្លឺដែលជះចេញពីភ្លើងតណ្ហារបស់គូរស្នេហ៏​។​ដូចនេះពេជ្រ​ ជាអលង្កាដ៏មានតំលៃ​បញ្ជាក់ពី​ទឹកចិត្តស្នេហា​។

-ហេតុផលដែលត្រូវពាក់ចិញ្ចៀន​នៅម្រាមនាងដៃឆ្វេង​ មកពីជំនឿបុរាណថាម្រាមដៃឆ្វេង​មានសរសៃឈាមពិសេសឈ្មោះ​” Vena Amoris ” ឬសរសៃឈាមស្នេហ៏​ដែលជាសរសៃឈាមភ្ជាប់ទៅកាន់បេះដូង​។

-ក្នុងរជ្ជកាលព្រះអង្គម្ចាស់អែតរើដ​ទី៦​នៃប្រទេសអង់គ្លេសបានចេញច្បាប់ថា​ នាងដៃខាងឆ្វេង​ជាម្រាមស្របច្បាប់ក្នុងការចិញ្ចៀន​ភ្ជាប់ពាក្យបញ្ជាំចិត្ត​។

កងដៃ:

-ដើមកំណើតដំបូងបំផុតរបស់កងដៃ​មិនមែនដើម្បីភាពស្រស់ស្អាតទេ​ កាលដើមមានមនុស្សតែ២​ក្រុមប៉ុណ្ណោះដែរពាក់វា​គឺ​ក្រុមទី១​គឺ​ ជាទាហានដែលត្រូវពាក់កងដែនេះ​ដោយឆ្លាក់ឈ្មោះខ្លួនឯងទុក​ ប្រសិនបើច្បាំងចាញ់ហើយស្លាប់​គឺអាចសម្គាល់បានថាជា​?​​នណារ​?​។​ចំណែក​ ក្រុមទី២​គឺជាអ្នកជំងឺក្នុងមន្ទីពេទ្យគេពាក់ដើម្បីសម្គាល់ថា​ ជានណារហើយករណីមានបញ្ហាកើតឡើងគេមិន​ ចាំបាច់សួររកឈ្មោះក៏អាចដឹងពីអ្នកជំងឺបានដែរដោយស្គាល់ឈ្មោះនៅលើកងដៃ​។​

-កាលពី​៥០០​ឆ្នាំមុនគ.ស​នៅអ៊ឺរ៉ង់​អ្នកចម្បាំងតែងតែពាក់កងដៃនៅដើមដៃ​។

-ជនជាតិអាមេរិកខាងត្បូង​និយមពាក់កងដៃឲ្យទារកដើម្បីការពាទារកពិបីសាច​។

-ក្នុងមជ្ឍដ្ធានកីឡា​អ្នកលេងតិន្និស​ចូលចិត្តពាក់កងដៃ​ឬប្រឡៅដៃព្រោះជឿថា​ពាក់វាហើយនិងមានសំណាងល្អ​។

ក្រវិល:

-កូនប្រសារស្រីជនជាតិចិន​ត្រូវគេហាមពាក់គ្រឿងអលង្គារ​របស់ខ្លួនចេញពីផ្ទះ ​ក្នុងពេលកូនកំលោះមកទទួល​ត្រូវពាក់តែក្រវិលដែរ​ម្តាយក្មេង​(​ម្តាយខាងស្វាមី ​)ឲ្យមកតែប៉ុណ្ណោះព្រោះគេជឿថា​ ប្រសិនបើកូនក្រមុំពាក់ក្រវិលត្រចៀកខ្លួនឯងចេញពីផ្ទះ​ទៅចូលក្នុង​ខាងប្រុសនោះ ​ទុកដូចជញ្ជូនមាសប្រាក់​ឬសំណាងមកពីខាងកូនក្រមុំ​ទៅឲ្យខាងប្រុសទាំងអស់ដែរ​។​ ប៉ុន្តែបើចង់បង្ហាញពីរភភាពមានបានរបស់ខ្លួនអោយភ្ងៀវឃើញ​ ចាំដល់ពេលជិះរថយន្តផុតពីផ្ទះខ្លួនទើបយកវាមកពាក់​រីពាក់មុខធនាគារ​ ដើម្បីទាក់ទាញមាសប្រាក់ជាប់តាមខ្លួនចូលទៅផ្ះស្វាមី​។

-ចោសមុទ្រ​ពាក់ក្រវិល​ព្រោះជឿរថា​ធ្វើអោយភ្នែកភ្លឺល្អ​……..។

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

រូបចម្លាក់​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ.ស

រូបចម្លាក់ ​អ្នកម្នាងផ្ទះ​គ្រាប់​ភ្នែក​ទាំង​គូ​ដាំ​ពេជ្រ​ត្រូវ​បាន​គេ​បំផ្លាញ​ខ្វេះ ​យក​ទៅ​បាត់ ។​ ​ចម្លាក់​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១២​នៃ​គ្រិស្តសករាជ

ខ្មែរ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ

យោង ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​ ដែល​មាន​ទីតាំង​នៅ​ពី​ខាងត្បូង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ជើងឯក​ស្ថិត​ ក្នុង​ភូមិ​ព្រែក​ប្រណាក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​បាន​ឱ្យ​រស្មីកម្ពុជា​ដឹង​ថា​ ខ្មែរ​មាន​ជំនឿ​លើ​អ្នក​ម្នាង​ផ្ទះ​ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន​ចាប់​តាំងពី​ការ​កកើត​ និង​កាន់​ព្រហ្មញ្ញសាសនា​មក​ម្ល៉េះ​ ​ដូច្នេះ​វា​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ការ​ហៅ​ពាក្យ​ថា​ ជំនាងផ្ទះ ​របស់​ខ្មែរ​កន្លង​មក​ត្រូវ​បាន​លោក​ សឹង្ហ​ ​គា ​អគ្គលេខាធិការ​អង្គការ​ចតុទិស​សង្ឃ​បដិសេធ​ថា​ វា​ពុំ​មាន​ន័យ​សក្ដិសម​ទាល់តែ​សោះ​ជាមួយនឹង​មុខងារ​របស់​អ្នកម្នាងផ្ទះ​ ​ហើយ​ក៏​មិន​មាន​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​ផង​ដែរ (ប៉ុន្តែ​ក្នុង​វចនានុក្រម​ខ្មែរ​អេឡិចត្រូនិច​កំណែ​២ មាន​ពាក្យ​ជំនាងផ្ទះ​នេះ ថែម​ទាំង​មាន​ការ​អត្ថាធិប្បាយ​យ៉ាង​ក្បោះក្បាយ​ទៀត​ផង) ។

ទាក់ទិន​ទៅ​នឹង​គតិបណ្ឌិត​ខ្មែរ​ចំពោះ​អ្នកម្នាងផ្ទះ​ លោក​អគ្គលេខាធិការ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្នត់​គំនិត​មនុស្ស​ខ្មែរ​ក្រៅពី​ខ្លួន​របស់​គេ​ដែល​មាន​ជីវិត​ និង​ព្រលឹង​ វត្ថុ​ទាំងឡាយ​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​គេ​ដែល​គេ​គិត​ថា​មាន​តម្លៃ​ គឺ​មាន​ជីវិត​ដែរ​ដែល​ទស្សនៈ​នេះ​មាន​នៅ​ក្នុង​លទ្ធិ​ព្រលឹង​និយម ។ ការ​រចនា​ផ្ទះ​ដែល​នៅ​កំណត់​បាន​ថា​ជា​របស់​ខ្មែរ​ ​គឺ​សុទ្ធតែ​បង្កប់​នូវ​មនោគមន៍​អភិ​សុខុម​លោក ។​តួនាទី​អ្នកម្នាងផ្ទះ​គឺ​ ជា​ធាតុ​មួយ​ធ្វើ​ឱ្យ​ផ្ទះ​មាន​ព្រលឹង​មាន​ជីវិត​ ​ពីព្រោះ​សក្ការៈ​ដែល​មាន​ជីវិត​តែងតែ​រក្សា​ជីវិត​ឱ្យ​គង់​ផង​ ​ថែរក្សា​មក​ខ្លួន​ផង​ (ផ្ទះ) ឱ្យ​គង់​និង​សុខដុមរមនា​ផង ។ ដូចនេះ​ហើយ​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​នៅ​ក្នុង​ផ្ទះ​ ​និង​រួម​ទាំង​ផ្ទះ​ផង​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​កំណត់​ថា​ មាន​ព្រលឹង​វិញ្ញាណ​ដែល​ជា​អ្នក​ការពារ​ផ្ទះ​ ​និង​ជួយ​មនុស្ស​ដែល​ជា​ម្ចាស់​ឱ្យ​បាន​សេចក្ដីសុខ​ ​និង​ចម្រើន​ជឿនលឿន ។

មាន​ចំណុច​សំខាន់ៗ​ពីរ​លោក​អគ្គលេខាធិការ​ក៏​បាន​ធ្វើការ​បកស្រាយ​យ៉ាង​ក្បោះក្បាយ​ដូច​ខាងក្រោម​ថា ៖

ការ​បដិសណ្ឋិត​អ្នកម្នាងផ្ទះ

បន្ទាប់ ​ពី​ប្រុង​គ្រឿង​ផ្ទះ​រួចរាល់​ហើយ​ ​ព្រឹក​ដែល​ត្រូវ​លើក​ផ្ទះ​ អាចារ្យ​បង្គាប់​ឱ្យ​ជាង​សែង​ឈើ​ដែល​ជា​មេដំបូល​នោះ​មក​សណ្ដូក​តាម​ទិស​ផ្ទះ ​ គឺ​ពី​កើត​ទៅ​លិច​ គល់ឈើ​ត្រូវ​ដាក់​ខាងកើត​ និង​កប់​បន្ដិច​ផង​ ​រីឯ​ចុង​របស់​ឈើ​ជា​មេដំបូល​ត្រូវ​ដាក់​ខាងលិច ។ អាចារ្យ​បាន​យក​អំបោះ​ទៅ​ជ្រលក់​ទឹក​លាយ​ម្សៅ​រមៀត ។ រួច​យក​ទៅ​ចង​ចុង​មេដំបូល​នោះ​ជាមួយ​នឹង​ការ​បន់ស្រន់​ឧបកិច្ច​យ៉ាង​ ហ្មត់ចត់​ដោយ​ប្រុង​ប្រយ័ត្ន ។ មេជាង​ធំ​បាន​កាត់​ចុង​មេដំបូល​នោះ​បន្ដិច​ត្រង​យក​អាចម៍​រណា និង​ចុង​នោះ​បោះ​ចូល​ក្នុង​ទឹក​ដោយ​ឧបកិច្ច​សុំ​សេចក្ដីសុខ​ដល់​ម្ចាស់ផ្ទះ​ និង​សុំ​ឱ្យ​ជាង​ទាំងអស់​ក្នុង​បេសកកម្ម​លើក​ផ្ទះ​នេះ​បាន​សុខ​ទាំងអស់​ គ្នា ។

នៅ​សសរ​កន្លោង​អាចារ្យ​បាន​ស្នើ​ឱ្យ​ ម្ចាស់​ផ្ទះ​រក​កូន​ចេក​ ​ឬ​អំពៅ​ជាមួយ​និង​ឆត្រ​ ​ខោអាវ​ថ្មីៗ​ ​ក្រមា​មក​ចង​ផ្អោប​តាំងពី​ដំបូង ។​ ​គ្រឿងសម្អាង​ ​និង​សម្លៀក​បំពាក់​ស្ដ្រី​ទាំងនោះ​គឺ​សម្រាប់​នារី​ភេទ​ ​នោះ​គឺ​អ្នក​ម្នាង​ផ្ទះ​នោះ​ឯង ។ បន្ទាប់​ពី​ការ​សាងសង់​ផ្ទះ​រួច​ហើយ​ម្ចាស់ផ្ទះ​ត្រូវ​យក​អំពៅ​ ​ឬ​ដើម​ចេក​ទៅ​ដាំ​នៅ​ជ្រុង​ឦសាន​នៃ​គេហដ្ឋាន​ថ្មី​នោះ​ រីឯ​សម្លៀក​បំពាក់​នោះ​ ​អាចារ្យ​ត្រូវ​ស្នើ​ឱ្យ​ម្ចាស់ផ្ទះ​ស្ដ្រី​យក​ទៅ​ចង​ ឬ​ស្លៀកពាក់​ឱ្យ​សសរ​កន្លោង​នោះ​ ​ព្រមទាំង​លាប​ប្រេង​ម្សៅ​បាញ់​ទឹកអប់​ដាក់​សសរ​នោះ ។ ក្នុង​ខណៈ​នេះ​ទាំង​អាចារ្យ​ ​និង​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ដោយ​ព្រះធម៌​នមស្ការ​អញ្ជើញ​វិញ្ញាណ​ព្រះ​ម្នាង ​របស់​បុព្វបុរស​ក្នុង​ត្រកូល​គ្រួសារ​នោះ​គ្រប់ៗ​ជំនាន់​ឱ្យ​មក​សណ្ឋិត​នៅ​ ក្នុង​សសរ​ផ្ទះ​នេះ​ចាប់ពី​ពេល​នេះ​តទៅ ។

មនុស្ស ​ទាំងអស់​ដែល​ចូលរួម​ពិធី​ឡើងផ្ទះ​នេះ​សុទ្ធតែ​ជួយ​បន្ទរ​នូវ​ពាក្យ​អង្វរករ ​ដោយ​ពាក្យ​ល្អៗ​ពីរោះ​ដើម្បី​ឱ្យ​វិញ្ញាណ​ភរិយា​នៃ​បុព្វបុរស​នៃ​ត្រកូល​នៃ ​គ្រួសារ​នេះ​ឱ្យ​មក​សណ្ឋិត​នៅ​នឹង​ផ្ទះ​នេះ​ជួយ​ចម្រុង​ចម្រើន​ដល់​គ្រួសារ ​នេះ ។ ចាប់​ពី​ពេល​នេះ​ត​ទៅ​អ្នកម្នាង ផ្ទះ​បាន​មក​នៅ​សណ្ឋិត​ក្នុង​ផ្ទះ​ដោយ​ប្រាកដ ។ ក្នុង​ថ្ងៃ​នេះ​ម្ចាស់ផ្ទះ​ក៏​បាន​រៀបចំ​ចំណីអាហារ​ ​និង​បង្អែម​ទឹក​ទទួល​អ្នកម្នាងផ្ទះ​ដោយ​តម្កល់​ថាស​អាហារ​ក្បែរ​សសរ​នោះ​ បែរមុខ​ទៅ​រក​ជណ្ដើរ ។ រីឯ​សម្លៀក​បំពាក់​នោះ​គឺ​ស្រេច​តែ​លើ​សមត្ថភាព​ម្ចាស់ផ្ទះ​ ​បើ​ធូរធារ​គឺ​សុទ្ធតែ​ខោអាវ​ល្អៗ​ចំពោះ​ស្ដ្រី ។ ម្យ៉ាងទៀត​សម្លៀក​បំពាក់​ម្ចាស់ផ្ទះ​ពី​បុរាណ​ពុំដែល​យក​ចេញ​ ​គឺ​តែងតែ​ផ្លាស់​ប្ដូរ​ឱ្យ​ជា​រៀង​រាល់​ឆ្នាំ ។

ខ្មែរ ​មាន​ជំនឿ​លើ​អ្នកម្នាងផ្ទះ​នោះ​មុតមាំ​ណាស់​ ​គេ​បាន​សង់​កូន​ប្រាសាទ​តូច​ឬ​ អាសនៈ​មួយ​សម្រាប់​តម្កល់​ជាប់​នឹង​សសរ​ផ្ទះ​ ​សម្រាប់​រៀបចំ​ពិធី​សក្ការៈ​ផ្សេងៗ ។ ម្ចាស់ផ្ទះ​តែងតែ​យក​ផ្លែ​ឈើ​ដំបូង​ដើមដៃ​ដែល​ជា​ផល្លានុផល​របស់​គេ​មក​ ថ្វាយ​អ្នក​ម្នាង​ផ្ទះ ។ ផ្លែ​ឈើ​ ឬ​ផល្លានុផល​ទាំងនោះ​ ​គឺ​ជ្រើសរើស​យក​តែ​ផ្លែ​ធំៗ​ល្អៗ​ជាងគេ​សម្រាប់​រៀបចំ​ដល់​ “អ្នកម្នាងផ្ទះ”

គួរ ​ឱ្យ​សោកស្ដាយ​ដែល​ទំនៀមទម្លាប់​ដ៏​ផូរផង់​នេះ​បាន​សាបរលាប​បន្ដិច​ម្ដងៗ​ ស្ទើរ​គ្មាន​ដាន​ ​និង​ស្រាវជ្រាវ ។​ ​ជិត​មួយ​សតវត្ស​ទៅ​នេះ​ខ្មែរ​ស្ទើរតែ​គ្មាន​ព្រលឹង​ ​រហូត​យក​ព្រលឹង​អ្នក​ដទៃ​មក​បញ្ចូល​ក្នុង​រូប​របស់​ខ្លួន​ តួយ៉ាង​ដូច​ជា​ការ​គោរព​បូជា​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុងផ្ទះ​ជាដើម​ ​គឺ​គ្មាន​អ្វី​សក្ដិសម​នឹង​ជាតិ​សាសន៍​មួយ​នៅ​លើ​ទឹកដី​មួយ​ឱ្យ​ប្រាកដ​ ប្រជា​ឡើយ ។

ហេតុ​អ្វី​បានជា​តួអង្គ​ទេវរូប​ថែរក្សា​គេហដ្ឋាន​ខ្មែរ​ជា​ស្ដ្រីជាតិ ?

ពាក្យ ​ថា​ខ្មែរ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​បកស្រាយ​នូវ​ខ្លឹមសារ​យ៉ាង​ ក្បោះក្បាយ ។ លោក​សាស្ត្រាចារ្យ​ កេង​ ​វ៉ាន់សាក់​ ​និង​លោក​ ឈឹម​ ​ក្រសេម​ ​ហាក់​យល់​ស្រប​គ្នា​ថា​ សង្គម​ខ្មែរ​ក្នុង​សម័យ​បុព្វ​កាល​គឺជា​សង្គម​មាតា​ធិបតេយ្យ​ ​គឺ​យក​ស្ដ្រី​ជា​ធំ ។ អ្វីៗ​ដែល​ជា​ការ​គោរព​អ្វី​ដែល​ជាទី​ពឹង​ និង​អ្វីៗ​ដែល​ជា​ធំ​ខ្មែរ​ហៅ​ថា​ “មេ”​ គឺ​សំដៅ​ទៅ​ស្ដ្រីភេទ​ដូច​ជា​មេដៃ​ ​មេជើង​ ​និង​មេដឹកនាំ​ ​មេដំបូល​ផ្ទះ​ជាដើម ។ នេះ​ជា​ការ​លើក​តម្កើង​ស្ដ្រី​ដែល​មាន​ជាប់​មក​រហូត​ដល់​សព្វថ្ងៃ​ដែល​ខ្មែរ ​នៅ​ប្រើ​ ដូចជា​ ម្ដាយ​ឪពុក​ និង​ជីដូន​ជីតា​ គឺ​សុទ្ធតែ​ដាក់​ស្ដ្រី​មុន​ទាំងអស់​ទោះ​ក្នុង​ការ​ធ្វើ​ដំណើរ​ស្ដ្រី​ត្រូវ ​ដើរ​មុន​ ​ឬ​ប្ដី​ដើរ​តាម​ក្រោយ ។ ពាក្យ​ថា​ “ខ្មែរ” ​គឺ​មក​ពី​ផ្សំ​អក្សរ​ “ក” បញ្ចូល​គ្នា​នឹង​ពាក្យ​មួយ​គឺ​ «ក​+​មេ» ។​ ​ព្យញ្ជនៈ​ “ក” កាលណា​ដាក់​នៅ​មុខ​ពាក្យ​ណាមួយ​​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទាំងនោះ​កាន់តែ​មាន​ន័យ​រន្ថាន់​ឡើង ។ ពាក្យ​ថា​ ក​ ​មេ​ ​មាន​ន័យ​ថា​មេ​ដ៏​អស្ចារ្យ​ ​មេ​ដ៏​រុងរឿង ។ ការ​ហៅ​ប្រទេស​នេះ​ឈ្មោះ​ ក​ ​មេ​ ​រហូត​ក្លាយជា​ ក្មេរ​ ទៅ​ជា​ ក្មែរ​ ឬ​ ខ្មែរ​ រហូត​ដល់​បច្ចុប្បន្ន​នេះ ។ ឧទាហរណ៍​បញ្ជាក់​ពី​ពាក្យ​ដែល​មាន​អក្សរ​ “ក” ​ពីមុខ​ ដូចជា​ កូរទឹក​ បើ​ថែម “ក” ​ពីមុខ​វា​ទៅ​ជា កកូរ​ទឹក​ ​កកាយ​ដី​ ​គឺ​មាន​ន័យ​ស្ទួន ។

ទាក់ទង ​រវាង​ស្ដ្រីជាតិ​ដែល​ជា​អ្នកម្នាងផ្ទះ​ខ្មែរ​នោះ​ ​នៅ​មាន​អំណះ​អំណាង​ជា​ច្រើន​ទៀត​ដែល​​នឹង​បកស្រាយ​តាម​លំដាប់​លំដោយ​ដែល​ មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​គេហដ្ឋាន​ខ្មែរ​ ​ដែល​ជនជាតិ​ខ្មែរ​គួរតែ​ស្វែង​យល់​ និង​គួរ​ដឹង ។ តាម​ការ​ស្រាវជ្រាវ​របស់​លោក​ ហ្សាក់​ ណេពត​ ដែល​ជា​ជនជាតិ​បារាំង បាន​បញ្ជាក់​ថា​ ផ្ទះ​គឺជា​កម្មសិទ្ធិ​របស់​ស្ដ្រី​គឺ​ខុស​គ្នា​ពី​វត្ដ​ជា​កម្មសិទ្ធិ​របស់​ បុរស​ភេទ​ គ្រាន់តែ​វត្ដ​ហាម​ឃាត់​ផ្នែក​ភេទ​ប៉ុណ្ណោះ ។

ក្នុង ​សង្គម​ខ្មែរ​បច្ចុប្បន្ន​ក្ដី​ក្រោយ​ពេល​រៀបការ​បុរស ​ត្រូវ​ទៅ​នៅ​ផ្ទះ​ខាង​ស្រី​ បុរស​ត្រូវ​ដេក​នៅ​ខាងស្ដាំ​ ភរិយា​ខ្លួន​គឺ​ក្នុង​នាម​ជា​អ្នកបម្រើ​ ឬ​អ្នកកន្ដៀត ។ នៅ​ក្នុង​បន្ទប់​នោះ​បុរស​មាន​តួនាទី​គ្រាន់តែ​រួម​ភេទ​ដើម្បី​បង្កើត​កូន ។ ប្រសិនបើ​ប្រសូត​បាន​កូន​ប្រុស​គឺ​គេ​ប្រដូច​កូន​នោះ​ទៅ​នឹង​ឪពុក​ ប្រសិនបើ​គ្រួសារ​នោះ​លែង​លះ​គ្នា​ គឺ​កូន​ប្រុស​បាន​ទៅ​ឪពុក កូនស្រី​បាន​មក​ម្ដាយ​ ​ហើយ​ជា​ម្ចាស់ផ្ទះ​នេះ​ត​កូនចៅ​រាប់​តំណ​ក៏​មាន ។ មិនយូរ​ប៉ុន្មាន​ទៅ​នេះ​នារី​ខ្មែរ​ក្រោយ​ពី​ពេល​ចេញ​ម្លប់​ ឪពុក​ម្ដាយ​នាង​តែង​នាំ​នាង​ទៅ​ចង្អុល​បង្ហាញ​ដី​ស្រែ​ចម្ការ​ និង​ផ្ទះ​ដែល​ត្រូវ​ប្រគល់​ឱ្យ​នាង​ក្រោយ​ពេល​រៀប​ការ ។ នៅ​ភូមិ​គ្រួស​ ​ឃុំ​គ្រួស​ ​ស្រុក​រលៀប្អៀរ​ ​ខេត្ដ​កំពង់ឆ្នាំង​សព្វថ្ងៃ​ នៅ​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​ទម្លាប់​នេះ​ គឺ​មុន​ពេល​រៀប​ការ​ភាគី​បុរស​ត្រូវ​សន្យា​ថា​ ​នឹង​សង់ផ្ទះ​មួយ​ឱ្យ​កូនក្រមុំ​មួយ​មុន​សិន​ទើប​រៀប​ការ​ ហើយ​ផ្ទះ​នោះ​ដាច់ខាត​ជា​កម្មសិទ្ធិ​របស់​ស្ដ្រី​នោះ​ ​ទោះបី​បែកបាក់​គ្នា​ក៏​ដោយ​ភាគី​បុរស​ពុំ​អាច​ទាមទារ​យក​វិញ​បាន​ទេ ។

ស្ដ្រី​ខ្មែរ​ដែល​ទទួល​មរតក​គេហដ្ឋាន​នោះ​ខ្មែរ​ហៅ​ថា​ “មេ​ខ្លូត”​ គឺ​ស្ដ្រី​ដ៏​ឧត្ដុ​ង​ឧត្ដម​ប្រកប​ដោយ​ឥស្សរភាព​ក្នុង​គេហដ្ឋាន​នោះ ។ ខ្មែរ​នៅ​ប្រើ​ពាក្យ​ថា​ខ្លូត​ ចំពោះតែ​ត្រសក់​ត្រឡាច​ ​ដែល​ត្រលុក​ត្រលន់​ល្អ​គួរ​ឱ្យ​ស្រឡាញ់​ពេញចិត្ដ​គ្រប់​គ្នា ។ នៅ​ក្នុង​គេហដ្ឋាន​ខ្មែរ​នីមួយៗ​ ពិសេស​នៅ​តាម​ជនបទ​គឺ​ល្វែង​ខ្លះ​នៃ​ផ្ទះ​គឺ​ហាក់​ដូចជា​មាន​បម្រាម​រឹង​ និង​អាថ៌​កំបាំង​ ​នោះ​គឺ​ល្វែង​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ដ្រីភេទ ។ ម្យ៉ាងទៀត​សាច់ញាតិ​ខាង​មនុស្ស​ស្រី​គឺ​ហាក់​មាន​អាទិភាព​ជាង​ខាង​ប្ដី ។

សរុប​សេចក្ដី​មក​ អាទិភាព​នៃ​ការ​ថែរក្សា​ ​និង​បង្កើត​សេចក្ដី​សុភមង្គល​ក្នុង​គេហដ្ឋាន​ខ្មែរ​ ​គឺជា​ស្ដ្រីជាតិ​ដែល​យើង​ហៅ​ថា​ “អ្នកម្នាងផ្ទះ” ។ ពាក្យ​ថា​អ្នកម្នាងផ្ទះ​គឺ​សំដៅ​លើ​ស្ដ្រីភេទ​ក្នុង​ត្រកូល​ឧត្ដម ឬ​ស្ដេច ។​ ការ​ហៅ​ថា​ ជីនាងផ្ទះ​ ​ឬ​ជំនាងផ្ទះ​ គឺ​ពុំ​មាន​ន័យ​អ្វី​ទេ​ ឬ​បែរ​ជា​មាន​ន័យ​ផ្សេង​ទៅ​វិញ ។ ទោះ​ក្នុង​សង្គម​មនុស្ស​ក្ដី​ ប្រសិនបើ​ហៅ​ឈ្មោះ ឬ​សរសេរ​ឈ្មោះ​របស់​នរណា​ម្នាក់​ខុស​ ហើយ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​ម្ចាស់​ឈ្មោះ​នោះ​ គេ​ឃើញ​ថា​ខុស​ឈ្មោះ​ ​គេ​ប្រកាន់​ណាស់​ដោយ​គេ​យល់​ថា​រាប់អាន​ម្ដេច​កើត​សូម្បី​ឈ្មោះ​គេ​ពុំ​ ស្គាល់​ផង​នោះ ។

(ដកស្រង់​ពី​សារព័ត៌មាន​រស្មីកម្ពុជា)

រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

ក្រសាំងទាប

ក្រសាំងទាប

នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​ អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់»

«រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់ ​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។

ដើម​រកា

ដើម​រកា

ដើម​រកា និង​បន្លា

ដើម​រកា និង​បន្លា

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

«ក្រឡាញ់» មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Bombax ceiba ស្ថិត​ក្នុង​អំបូរ Bombacaceae ជា​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ តាំង​ពី​តូច​រហូត​ដល់​អាយុ​១៧​ឆ្នាំ​ខ្ញុំ​មិន​ដែល​បាន​ឃើញ និង​​បរិភោគ​ផ្លែ​ក្រឡាញ់​ម្ដង​ណា​ឡើយ គឺ​គ្រាន់​តែ​បាន​ឮ​បាន​ដឹង​ថា មាន​ស្រុក​មួយ​ឈ្មោះ «ក្រឡាញ់» ស្ថិត​នៅ​ខេត្ត​សៀមរាប ។ លុះ​ក្រោយ​មក​ក៏​ពុំ​ដែល​បាន​ឃើញ​ដើម និង​ផ្លែ​ក្រឡាញ់​មិន​ទាន់​បក​សម្បក​ឡើយ គឺ​បាន​ត្រឹម​តែ​ឃើញ និង​ទិញ​បរិភោគ​នូវ​ផ្លែ​ក្រឡាញ់​ដែល​មាន​ដាក់​លក់​គិត​ជា​កំប៉ុងៗ​ ប៉ុណ្ណោះ ។ ផ្លែ​ក្រឡាញ់​ប្រភេទ​នេះ​មាន​រសជាតិ​ផ្អែម ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ក្រឡាញ់​មាន​ផ្លែ​ផ្អែម​ស្រេច​ពី​ធម្មជាតិ ។ ប៉ុន្តែ មិន​ដូច​ការ​យល់​ស្មាន​សោះ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ​ «មាន​រសជាតិ​ចត់» ។ ការ​ពិត​គ្រាប់​ផ្លែ​ក្រឡាញ់​ផ្អែម​ដែល​មាន​ដាក់​លក់​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ឆឹង​ស្ករ​ជា​មុន​សូរេច​សោះ ។

ដើម​ក្រឡាញ់

ដើម​ក្រឡាញ់

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

សរុប​មក​ ឆ្លង​តាម​បទពិសោធន៍​នេះ ពាក្យ​ដែល​គេ​និយាយ​ថា «ចំណេះ​ដឹង​ឥត​ព្រំដែន ឬ​គ្មាន​ទី​បញ្ចប់» គឺ​ពិត​ជា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​មែន ! ចំណែក​ខ្ញុំ​ មាន​រឿង​រ៉ាវ​សាមញ្ញៗ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​យល់​ជា​ បន្ត​បន្ទាប់ ហើយ​ប្រហែល​ជា​ពេញ​មួយ​ជីវិត​ផង​ក៏​សឹង​មាន ?

ចន្លុះ

ចន្លុះ​ស្លឹក​ព្រាល

ចន្លុះ​ស្លឹក​ព្រាល

ចន្លុះ ( ន. ) គ្រឿង​អុជ​បំភ្លឺ ធ្វើ​ដោយ​ជ័រ​និង​ស្លឹក​ឈើ ឬ​ធ្វើ​ដោយ​សំបក​ឈើ​មាន​ជ័រ; មាន​ច្រើន​យ៉ាង : ចន្លុះ​ស្លឹក, ចន្លុះ​ក្រាក់, ចន្លុះ​ស្មាច់…។

ស្លឹក​ព្រាល​សម្រាប់​ធ្វើ​ចន្លុះ

ស្លឹក​ព្រាល​សម្រាប់​ធ្វើ​ចន្លុះ

ស្លឹក​ព្រាល​ត្រូវ​បាន​គេ​ចង​រុំ​ជា​ចង្កោម រួច​យក​ជ័រ​ឈើ​​ក្ដៅៗ​មក​​ពូន​ស្បូត​ពី​លើ

ស្លឹក​ព្រាល​ត្រូវ​បាន​គេ​ចង​រុំ​ជា​ចង្កោម រួច​យក​ជ័រ​ឈើ​​ក្ដៅៗ​មក​​ពូន​ស្បូត​ពី​លើ

បន្ទាប់​ពី​ជ័រ​ឈើ​ត្រជាក់​ និង​ឡើង​រឹង គេ​ទទួល​បាន​ចម្លុះ​សម្រាប់​ដុច​បំភ្លឺ

បន្ទាប់​ពី​ជ័រ​ឈើ​ត្រជាក់​ និង​ឡើង​រឹង គេ​ទទួល​បាន​ចម្លុះ​សម្រាប់​ដុច​បំភ្លឺ

តម្លៃ​ចន្លុះ​មួយ​ដើម នៅ​ទី​កន្លែង​ធ្វើ​ក្នុង​ផ្សារ​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ គឺ ៨០០ រៀល (ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០០៩)

ដកស្រង់ចេញី http://choukhmer.blogsome.com/category/khmer-vocabulary-%E1%9E%9C%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%96%E1%9F%92%E1%9E%91%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/

បំពង់​ពក

បំពង់​ពក

បំពង់​ពក

ពក (ន.) ឈ្មោះ​ឫស្សី​ពួក​មួយ មាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាង​ក្រៅ​រលោង សម្រាប់​ប្រើ​ការ​ផ្សេងៗ​មាន​ធ្វើ​ត្រល់ ប៉ី ខ្លុយ​ជាដើម: ត្រល់​ពក ប៉ី​ពក ក្លាក់​ពក បំពង់​ពក ។

តាម ​រយៈ​រឿងនិទាន​ប្រជាប្រិយ និង​តាម​រយៈ​ជីវភាព​ស្រុក​ស្រែ​ជនបទ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ បំពង់​ពក​ធ្វើ​ឡើង​ពី​កំណាត់​បំពង់​ឫស្សី​ចន្លោះ​ថ្នាំង​២ ចោះ​ប្រហោង​ទ្រវែង​​១ និង​នៅ​ផ្នែក​ខាងលើ​មាន​ដៃ​សម្រាប់​កាន់ ចង​ព្យួរ ហើយ​មាន​កំណាត់​ឈើ​១​ផ្សេងទៀត​សម្រាប់​វាយ ឬ​គោះ​ឲ្យ​ឮ​សូរ “ប៉ុកៗ” ។ ជាធម្មតា គេ​ប្រើ​បំពង់​ពក​សម្រាប់​ជា​សញ្ញា​សម្រាប់​ប្រគូកប្រកាស​ដល់​អ្នក​ផង​នៅ​ ក្នុង​ភូមិ​ នៅ​ពេល​មាន​កើត​ការ​អាសន្ន ឬ​ព្រឹត្តិការណ៍​ចម្លែក ឬ​​អសន្តិសុខ​ផ្សេងៗ ដូចជា ចន្ទគ្រាស សូរ្យគ្រាស ភ្លើង​ឆេះ​ផ្ទះ ចោរ​ប្លន់ ជាដើម ។

មក​ដល់​បច្ចុប្បន្ន បំពង់​ពក​ត្រូវ​បាន​គេ​បំភ្លេច​ចោល ឬ​ក៏​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ខាងលើ​ឡើយ ពីព្រោះ​ឧបករណ៍​នេះ​ហាក់​ដូចជា​ហួស​សម័យកាល​ប្រើប្រាស់​ទៅ​ហើយ ។ ចំណែក​ខ្ញុំ​វិញ ខាន​បាន​ឃើញ​ឧបករណ៍​នេះ​ស្ទើរ​តែ​២០​ឆ្នាំ​​ទៅ​ហើយ គឺ​នៅ​ចាំ​តែ​ឈ្មោះ​តាម​អ្នកស្រុក​កំណើត​​របស់​ខ្ញុំ​ហៅ​ថា “អំពូកៗ” ប៉ុណ្ណោះ ។ នៅ​តំបន់​ខ្លះ​ គេ​ក៏​ហៅ​ឧបករណ៍​នេះ​ថា "ត្រដោក" ផង​ដែរ ។ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​រលឹក​ដល់​ឧបករណ៍​នេះ​ឡើងវិញ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​ ភោជនីយដ្ឋាន​មួយ​កន្លែង (មិន​ចាំ​ឈ្មោះ) នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិសាស្ត្រ​តំបន់​កំពង់ថ្ម ខេត្ត​កំពង់ធំ ។ ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​តូប​ខ្ចុះ​ធ្វើ​ពី​ឫស្សី​ប្រក់​ ស្បូវ​​ដាច់ៗ​ពី​គ្នា​ ហើយ​ស្ថិត​នៅ​ក្នុង​បរិវេណ​​ផ្ទះ​ម្ចាស់​ហាង​តែ​ម្ដង ។ ជាទូទៅ​ ភោជនីយដ្ឋាន​ស្រដៀង​គ្នា​នេះ​នៅ​ភ្នំពេញ ឬ នៅ​ព្រែកលាប គឺ​គេ​មាន​រៀបចំ​កណ្ដឹង​អគ្គីសនី​សម្រាប់​ហៅ​ម្ចាស់​ហាង​នៅ​ពេល​ត្រូវការ​ អ្វី​មួយ ។ ដោយឡែក ភោជនីយដ្ឋាន​នៅ​កំពង់ថ្ម​មួយ​នេះ​វិញ គេ​មាន​ដាក់​បំពង់​ពក​១​នៅ​តាម​តូប​ខ្ចុះ​នីមួយៗ ដើម្បី​គោះ​ជា​សញ្ញា​ហៅ​ម្ចាស់​ហាង ។ នេះ​គឺ​ជា​គំនិត​ច្នៃប្រឌិត​ម៉្យាង​គួរ​ឲ្យ​ស្ងើច​សរសើរ ៕

តូប​ខ្ចុះ​ដែល​ច្នៃ​រចនា​ម៉ូដ​បាន​ល្អ​ដោយ​ប្រើ​ឫស្សី​មូល​តូចៗ

តូប​ខ្ចុះ​ដែល​ច្នៃ​រចនា​ម៉ូដ​បាន​ល្អ​ដោយ​ប្រើ​ឫស្សី​មូល​តូចៗ

បំពង់​ពក​សម្រាប់​គោះ​ហៅ​ម្ចាស់ហាង ឬ​អ្នកបម្រើ​នៅ​ពេល​ត្រូវការ​អ្វី​មួយ

បំពង់​ពក​សម្រាប់​គោះ​ហៅ​ម្ចាស់ហាង ឬ​អ្នកបម្រើ​នៅ​ពេល​ត្រូវការ​អ្វី​មួយ

បំពង់​ពក​ព្យួរ​នៅ​នៅ​លើ​សរសរ​តូប​ខ្ចុះ

បំពង់​ពក​ព្យួរ​នៅ​នៅ​លើ​សរសរ​តូប​ខ្ចុះ

បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង ។

សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖

ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ ។ល។

សមាសនាម ​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។ល។ ពាក្យ​ថា «ផ្សៃ» មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយ គឺ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃ​ផ្សៃ បាន​សេចក្ដី​ថា ព្រៃ​ពស់ ព្រោះ​ស្អូច កាល​សម័យ​ដើម ប្រទេស​យើង​មាន​ព្រៃ​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​សម្បូណ៍​ទៅ​ដោយ​សត្វ​ព្រៃ​ ដូចជា ពស់‑ក្អែប​ភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​សាវតារ​ខេត្ត​កំពត​របស់​លោក ម៉េណែទ្រីយេ (Ménétrier) និង​ពាក្យ​ «ស្អូច» មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់​លោក ម៉ូរ៉ា (Moura)] ។

ខ. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ សម្ល​សម្លុក ប្ដី​សី បី​បាច់ ជាតិ​ជៅ ។ល។

ពាក្យ ​ទាំង​ពីរ​ម៉ាត់​ក្នុង​ចំណោម​សមាសនាម​ខាង​លើ​នេះ មាន​តែ​ពាក្យ​ដើម​ទេ ដែល​មាន​អត្ថន័យ​ចំហ រីឯ​បរិវារស័ព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ តែ​បើ​យើង​ពិចារណា​ឲ្យ​ជ្រៅជ្រះ​ដើម្បី​រិះរក​ហេតុ​ផល​ឲ្យ​សព្វ​គ្រប់​ទៅ យើង​អាច​រក​ឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារស័ព្ទ​​ទាំង​នេះ ដែល​មាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀត​ផង ដោយ​ប្រើ​ជា​គុណស័ព្ទ បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ ។

បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​ប្រើ​បរិវារស័ព្ទ

មុន ​នឹង​ធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿង​នេះ សូម​ឆ្លៀត​ឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យ​បុរាណ​ដែល​ មាន​សារៈ​សំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការ​ប្រើ​បរិវារស័ព្ទ​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

កាល​នោះ​ប្រទេស​ខ្មែរ​ យើង​ជា​មហា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រម​ទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើន ​ផង ។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់​ ប្រកប​ដោយ​កិត្តិស័ព្ទ​ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាស​ពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប​ អាស៊ី​ទាំង​មូល ។

ធនធាន​យើង​ទៀត ក៏​សម្បូណ៌​ច្រើន​ជា​អនេកប្បការ​គ្រាន់​តែ​សម្ភារៈ​សម្រាប់​ភ្ញៀវ​កិត្តិយស​ នៅ​ប្រាសាទ​តាព្រហ្ម​តែ​មួយ​ប៉ុណ្ណោះ​ឃើញ​ថា យើង​មាន​ចាន​ជា​ច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហម​ឆ្អៅ មាន​ទម្ងន់​ទាំង​អស់​ដល់​ទៅ​ប្រាំ​តោន ប្រកប​ដោយ​ក្បាច់​ចម្លាក់​រចនា​ផ្សេងៗ និង​ដាំត្បូង​ពេជ្រ​ទាំង​គ្រាប់​តូច​ធំ និង​ត្បូង​ពណ៌​ឯ​ទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅ​លើ​ចាន​នីមួយៗ​ នោះ ។ល។

ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់​ហេតុ​លោក ជីវ តាក្វាន់ ស្ដី ​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មក​ជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េលីយ៉ូ ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹក គាម និង​សូម​អាន​សៀវភៅ​ពីរ​ទៀត​និពន្ធ​ដោយ​លោក សឺដេស (G. Coedès) ដែល​មាន​ចំណងជើង ៖

១. វឌ្ឍនធម៌​ឥណ្ឌូនិយម​នៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី

២. សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ដើម្បី​ងាយ​ស្គាល់​ប្រាសាទ​អង្គរវត្ត

និង ​បញ្ចប់​សូម​អាន​សៀវភៅ​លោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពី​ប្រាសាទ​បុរាណ​ទាំងអស់​ក្នុង​ចំណោម​ប្រាសាទ​អង្គរវត្ត​ទំព័រ​១៨៤ ។

របៀប​ចាត់​ថ្នាក់​នៃ​លំដាប់​ស័ក្តិ​មន្ត្រី​យោធា

កាល ​សម័យ​បុរាណ​ប្រទេស​ខ្មែរ​យើង​រៀប​ចំ​ចាត់​ថ្នាក់​មន្ត្រី​យោធា តាម​លំដាប់​កងទ័ព​ជាតិ​រ៉ូម៉ាំង​ដែល​មេ​ក្រុម​នីមួយៗ​មាន​ងារ​ជា​ដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺ​នាយ​ត្រួត​១០​នាក់ ១០០​នាក់ និង​១០០០​នាក់ ។ល។ (សូម​អាន​សៀវភៅ​អង្គរ​និង​ប្រទេស​រ៉ូម) ។

ចំណែក ​មន្ត្រី​យោធា​ខ្មែរ​យើង​វិញ មាន​លំដាប់​ថ្នាក់​របៀប​គ្នា​ដែរ​គឺ នាយ​រយ នាយ​ត្រួត​មនុស្ស​មួយ​រយ​នាក់ នាយ​ពាន់​ នាយ​ត្រួត​មនុស្ស​មួយ​ពាន់​នាក់ នាយ​ម៉ឺន នាយ​ត្រួត​មនុស្ស​មួយ​ម៉ឺន​នាក់ នាយ​សែន នាយ​ត្រួត​មនុស្ស​មួយ​សែន​នាក់ ។

ចំពោះ​នាយ​ម៉ឺន និង នាយ​សែន ដែល​មាន​បណ្ដា​ស័ក្តិ​ធំ​ពេក​ទៅ អ្នក​នៅ​ក្រោម​ឱវាទ​ទាំង​អម្បាលម៉ាន​ពុំ​ហ៊ាន​បន្លឺ​ស័ព្ទ​ស្រដី​ហៅ​ចំ​ងារ​ ថា នាយ​ម៉ឺន ឬ នាយ​សែន​ទេ ម្ល៉ោះហើយ​ពាក្យ​នាយ​មួយ​ម៉ាត់​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ថ្មី​ទៀត​ដែល ​មាន​សម្លេង​បង្អុរ​ឡើង​ដោយ​ញញើត​ញញើម​ខ្លាច​ពុំ​ពិរោះ​គាប់​ថា “នាម៉ឺន នាសែន” ទៅ​វិញ រហូត​ទៅ​ដល់​បំបាត់​ពាក្យ “នា” នេះ​ទៅ​ទៀត ហើយ​ក្លាយ​ទៅ​ជា​ហៅ​ថា លោក​ម៉ឺន​ឯកម៉ឺន​ទោ ។ល។

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ​នោះ បើ​តាម​លោក ជីវ តាក្វាន់ និង ​បព្វជិត​កាតូលិក​អេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែល​លោក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃ​ប្រទេស​អេស្ប៉ាញ​ក្រោម​ចំណង​ជើង​ថា “ព្រឹត្តិការណ៍​ជាក់​ស្ដែង​សង្ខេប​នៃ​ប្រទេស​កម្ពុជា​នៅ​សតវត្ស​ទី​១៦” ប្រែ​ពី​ភាសា​អេស្ប៉ាញ៉ុល​មក​ជា​ភាសា​បារាំង​ដោយ​លោក​ កាបាតុង (A. Cabaton) បោះពុម្ព​ផ្សាយ​នៅ​រាជធានី​ម៉ាឌ្រីដ​ក្នុង​ឆ្នាំ​១៦០៤ បាន​អធិប្បាយ​ថា ៖

ក. នៅ​សម័យ​នោះ មន្ត្រី​ធំៗ​ខ្មែរ​ នឹង​ចេញ​ដំណើរ​ទៅ​ណា​មក​ណា រមែង​មាន​ក្បួន​ហែហម​មុខ​ក្រោយ​មាន​ពេល​រេហ៍ សេនា​បាវព្រាវ មនុស្សម្នា ប្រកប​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​តាម​លំដាប់​ស័ក្តិ​ធំ​តូច​ ដូចជាៈ មន្ត្រី​ស័ក្តិ​១០​ហ៊ូពាន់​ដែល​ក្លាយ​មក​ពី​ពាក្យ​សៀម “ហ៊ួផាន់” (ក្បាល​ពាន់) គ្រឿង​ហែ​ក្បួន​ត្រូវ​មាន​គ្រែ​ស្នែង ពាក្យ​រាជស័ព្ទ​ហៅ​ថា ព្រះ​សលៀង មាន​ក្លស់​៥​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង​ខៀវ ស្រប​តាម​ឋានៈ​មន្ត្រី​ឆ្វេង​ស្ដាំ ។ល។ ចំពោះ​មន្ត្រី​មាន​ឋានន្តរស័ក្តិ​ពី​១០​ពាន់​ចុះ​មក​ ក្បួន​ហែហម​ជា​កិត្តិយស​មន្ត្រី​ទាំង​នោះ​មាន​ចំនួន​ចុះ​ថយ​ជា​លំដាប់​ មាន​ក្លស់​បាំង​ពី​៤​ចុះ​មក​មួយ ។ល។

ខ. ចំពោះ​ព្រះមហាក្សត្រ​វិញ ក្បួន​ហែហម​ធំ​ជាង​មន្ត្រី ក្លស់​សម្រាប់​បាំង​ជុំ​វិញ​សុទ្ធ​តែ​ពណ៌​ស ឬ​លឿង​តាម​ថ្ងៃ​ធំ ឬ​តូច​ដោយ​ពុំ​មាន​កម្រិត​ចំនួន​ព្រម​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​បាំង​ ពន្លឺ​ព្រះអាទិត្យ និង​បក់​កម្ដៅ ដូចជា បាំងសែន​ដែល​សៀម​ហៅ​ថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ​បៃមន់ ។ល។ ពាក្យ​ទាំង​នេះ សូម​មើល​វចនានុក្រម​ខ្មែរ ។

សម្លៀក​បំពាក់

សម្លៀក ​បំពាក់​មន្ត្រី​ខ្មែរ​យើង​តែង​មាន​តាម​លំដាប់​ស័ក្តិ​ជា​មន្ត្រី​ឆ្វេង​ ស្ដាំ ដែល​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង ត្រូវ​មាន​មួក​មាន​កំពូល​យ៉ត​មាស​ដាំ​ពេជ្រ មាន​សំពត់​អាវ​ចរបាប់​ទាំង​អស់ ព្រម​ទាំង​ស្បែក​ជើង​ស្រោម​ជើង ។

អក្សរ​ខ្មែរ

អក្សរ ​ខ្មែរ​យើង​នោះ​ទៀត​ ត្រូវ​មាន​សភាព​ជា​អក្សរ​អ្នក​អរិយប្រទេស​មួយ គឺ​មាន​សភាព​ដូចជា​សម្លៀក​បំពាក់​ដែរៈ មាន​សក់ ហាក់​ដូច​ជា​មួក មាន​តួ​អក្សរ និង​មាន​ជើង​អក្សរ ហាក់​ដូច​ជា​ស្បែកជើង ។

សម្ដី​និយាយ

សម្ដី ​និយាយ​នោះ​សោត ក៏​ត្រូវ​មាន​វរិវារស័ព្ទ​ហែហម​ជា​លំដាប់​ដែរ ។ ម្យ៉ាង​វិញ​ទៀត ខ្មែរ​យើង​ច្រើន​ប្រឌិត​ពាក្យ​ពេចន៍​ដោយ​ពុំ​មាន​ឫសគល់​ពី​បាលី ឬ​សំស្ក្រឹត ដើម្បី​យក​មក​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ស្រុក ដូចជា​អាទិ៍ ពាក្យ «កណ្ដុំ​ឆែប…ឆា» ដែល​អ្នក​ខ្លះ​ច្រើន​ ភ្លាត់​មាត់​នៅ​វេលា​ចាក់​ក្រឡេក​ប្រលែង​គ្នា​លេង ។ បើ​ពុំ​បាន​ជា​គិត​ យើង​ស្មាន​ថា​ជា​ពាក្យ​អនុករណៈ ឬ​ឧទានស័ព្ទ ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ពាក្យ​ចំអាស​មួយ​បែប គួរ​ឲ្យ​កោត​សរសើរ​ថ្វី​ដៃ​អ្នក​ប្រាជ្ញ​បុរាណ​ដែល​ចេះ​យក​ពាក្យ «ឆា» មួយ​ម៉ាត់​មក​ដាក់​បញ្ឆោត​ភ្ជាប់​ពី​ខាង​ក្រោយ​បង្អស់​ ដើម្បី​បង្វែង​ដាន​អ្នក​ផង​កុំ​ឲ្យ​នឹង​សង្ស័យ​រក​អត្ថន័យ​ប្រាកដ​ឃើញ ។

ពាក្យ​នេះ យើង​ព្យាយាម​វែក​ញែក​រក​ហេតុផល​ទៅ យើង​អាច​រក​ឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់​កាត់​មាន​សេចក្ដី​ថា “កណ្ដុំ​ឆែប​មួយ​ដួយ” ។ ពាក្យ​នេះ សូម​ជូន​អស់​លោក​អ្នក​អាន​គន្លាស់​ត្រឡប់​ទៅ​វិញ​ខ្លួន​ឯង​ទៅ​ចុះ ។

ពាក្យ «ធ្នើ» វិញ​ក៏​មាន​លំនាំ​របៀប​ដូច​គ្នា​ដែរ​គឺ​ពាក្យ «ធ្នើ» ថ្នាក់​លើ ។ រីឯ​ពាក្យ​ «ក្បាក់» ដែល​ជា​ឈ្មោះ​កូន​ជើង​ពាន​ទំនាប់​ច្រើន​ធ្វើ​អំពី​ប្រាក់​វិញ​គឺ​ជា​ពាក្យ «ក្បាក់​ប្រាន» បាន​សេចក្ដី​ថា «ក្បាន​ប្រាក់» ។ សូម​មើល​ពាក្យ​ ចាន​ក្បាន ។

របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ

តាម ​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​ គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​ គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​ នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ

ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។

ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី

ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។

គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស

នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ

នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

អាស្រ័យ ​ដូច​បាន​អធិប្បាយ​ខាងលើ​នេះ​ស​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​កិច្ច​ចេញ​ដំណើរ​រហូត​ដល់​សម្ដី​និយាយ​ ព្រម​ទាំង​របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ទៀត ឃើញ​ថា សុទ្ធ​តែ​មាន​របៀប​ជា​លំដាប់​ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជា​កត្តិយស​ជា​ដរាប ។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

ដកស្រង់បន្តចេញពី http://choukhmer.blogsome.com/category/khmer-vocabulary-%E1%9E%9C%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%96%E1%9F%92%E1%9E%91%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/

Learn Khmer Grammer

อยากเรียนรู้ไวยากรณ์เขมร

វេយ្យាករណ៍​ខ្មែរ​

​មាន​ភ្ជាប់​ជាមួយ​វចនានុក្រម​ខ្មែរ​កំណែ​ទី​២

លំនាំដើម​

មុន ​ដំបូង​ខ្ញុំ​គិត​ថា​សរសេរ​អំពី “វិធី​សរសេរ​តែង​និពន្ធ” ​ដោយ​សង្ខេប​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ក្រោយ​មក អស់​លោក​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត លោក​មាន​សំណូម​ពរ សូម​ឲ្យ​បន្ថែម​សេចក្ដី​ណែ​នាំ​មួយ​ចំនួន​ទាក់​ទង​ទៅ​នឹង​វេយ្យាករណ៍​ផង នោះ​ទើប​ខ្ញុំ​ក៏​ពិចារណា​ទៅ​ឃើញ​ថា ប្រសិន​បើ​មិន​ចេះ ឬ​ចេះ​វេយ្យាករណ៍​ស្ទើរ​ៗ ​សើៗ ញ្រលៗ​ នោះ​ការ​សរសេរ​តែង​និពន្ធ ​ប្រាកដ​ជា​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​មិន​ខាន ។ ដូច្នេះ​ខ្ញុំ​ក៏​យល់​ស្រប ហើយ​សម្រេច​បញ្ចូល​ចំណុច​សំខាន់ៗ​មួយ​ចំនួន​នៃ​ចំណេះ​ខាង​វេយ្យាករណ៍​ខ្មែរ នៅ​ភាគ​ខាង​ដើម​នៃ​សៀវភៅ​នេះ ។ ធ្វើ​ដូច្នេះ ​ដោយ​ចង់​រំលឹក​អ្នក​ចង់​ចេះ​សរសេរ​តែង​និពន្ធ​ទាំង​ឡាយ មិន​ឲ្យ​មើល​ស្រាល​ចំណេះ​ខាង​វេយ្យាករណ៍ ប្រសិន​បើ​គេ​ចង់​សរសេរ​ឲ្យ​បាន​ល្អ ។ លុះ​កាល​ណា​អ្នក​អាន ឬ​អ្នក​សិក្សា​ចាប់​បាន​នូវ​ផ្នែក​សំខាន់ៗ​នៃ​វេយ្យាករណ៍ ធ្វើ​ឲ្យ​គេ​ទទួល​បាន​នូវ​ពន្លឺ និង​គោល​ការណ៍​នៃ​ការ​តែង​និពន្ធ​ហើយ​នោះ ទើប​ខ្ញុំ​ជួយ​ឲ្យ​អស់​លោក​ទៅ​ជួប​នឹង​ចំណេះ​ដឹង​ជា​សារវន្ត​ទាក់​ទង​ដល់​ ការ​សរសេរ​តែង​និពន្ធ ។ ដើម្បី​កុំ​ឲ្យ​សៀវភៅ​នេះ​ក្រាស់​ពេក ហើយ​ដោយ​យល់​ឃើញ​ថា វេយ្យាករណ៍​ខ្មែរ​នេះ មាន​រៀម​ច្បង​មួយ​ចំនួន​បាន​សរសេរ​លម្អិត​ហើយ​នោះ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​សូម​ជួយ​រំលឹក​តែ​ត្រង់​ផ្នែក​សំខាន់​ខ្លះ ដែល​អ្នក​សរសេរ​តែង​និពន្ធ​ត្រូវ​ដឹង​ដោយ​ខាន​ពុំ​បាន ។ ឯ​នៅ​ភាគ​ទី​២​នេះ​ទៀត​សោត ក៏​ខ្ញុំ​ពុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​លម្អិត​ពិស្ដារ​ជ្រៅ​ជ្រះ​ប៉ុន្មាន​ទេ ។ សំខាន់​គឺ​គ្រាន់​តែ​លើក​មក​បង្ហាញ​ត្រួសៗ​នូវ​ចំណុច​ចាំ​បាច់​ខ្លះ ដើម្បី​ផ្ដល់​ជូន​អ្នក​អាន អ្នក​សិក្សា​នូវ​សញ្ញាណ​ស្តី​ពី​របៀប​សរសេរ​តែង​និពន្ធ ។ របៀប និង​វិធី​សរសេរ​មាន​ច្រើន​ណាស់... ។ អស់​លោក​ត្រូវ​ខំ​ព្យាយាម​អាន​សៀវភៅ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ទាំង​បុរាណ ទាំង​ទំនើប ទាំង​កំណាព្យ​កម្រង​កែវ និង​អត្ថបទ​សម្រាយ​ធម្មតា... ។ អរគុណ​ដែល​បាន​ចាប់​អារម្មណ៍​ចំពោះ​មុខវិជ្ជា​នេះ ។ សូម​ជូន​ពរ​ការ​ខិត​ខំ​សិក្សា​ទទួល​បាន​លទ្ធផល​ល្អ ។

មៀច ប៉ុណ្ណ

ផ្នែកទី១​​

អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។

អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖

១-ព្យញ្ជនៈ មាន ៣៣​តួ ។

២-ស្រៈ​ពេញ​តួ ១២​តួ ។

៣-ស្រៈ ​និស្ស័យ​ពី​មុន​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧តួ ព្រោះ​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

១-​ព្យញ្ជនៈ

ព្យញ្ជនៈ​ទាំង​ ៣៣​តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់ ៖

កខគឃង ចឆជឈញ ដឋឌឍណ តថទធន បផពភម យរលវ​ សហឡអ​​​​​​​​​​​​​​​​​​​​​​​​​​

២-ជើង​ព្យញ្ជនៈ

ព្យញ្ជនៈ ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​"សក់"​ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites) ។

្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ

របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម ៖

ក្ខខ្ខគ្គឃ្ឃង្ង ច្ចឆ្ឆជ្ជឈ្ឈញ្ញ ដ្តឋ្ឋឌ្ឌឍ្ឍណ្ណ ត្តថ្ថទ្ទធ្ធន្ន ប្បផ្ផព្ពភ្ភម្ម យ្យរ្រល្លវ្វ​ ស្សហ្ហឡ្ឡអ្អ​​​​​​​​​​​​​​​​​​​​​​​​​​

៣-ស្រៈពេញ​តួ

អ្នក ​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥​តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​ “អ” គឺ​ជា​ព្យញ្ជនៈ​ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “រាជ​ស័ព្ទ” មាន​ន័យ​ថា “ភ្លៅ​ស្ដេច” ។

៤-ស្រៈ​និស្ស័យ

គឺ ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១​តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មក​សន្មត​ថា មាន​តែ​២០​តួ​វិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”(អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤​នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ [1] ។​

៥-ការ​ប្រើ​ប្រាស់​ជើង​អក្សរ

ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​ថា ៖

ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៤ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង “ដ” នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក[2] ។ល។

ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ​(ញ)​ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)​ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​(ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។

គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ

ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។

សូមគូស​បញ្ជាក់​ថា

បុព្វ ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នា​ជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។

៦-អំពីវគ្គ

១-វគ្គ (ក) ក​ខ​គ​ឃ​ង

២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ

៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ

៤-វគ្គ (ត) ត​ថ​ទ​ធ​ន

៥-វគ្គ (ប) ប​ផ​ព​ភ​ម

ឯតួ​អក្សរ​ទាំង​៨​តួ​ដែល​សល់​ពី​វគ្គ​ទាំង​៥​ខាង​ដើម​នោះ លោក​​ហៅ​ថា សេសវគ្គ​ បាន​ដល់ ៖ យ រ ល វ ស ហ ឡ អ ។

៧-សំឡេង​ព្យញ្ជនៈ

ព្យញ្ជនៈ ​៣៣​តួ​នេះ ចែក​ចេញ​​សំឡេង​ជា​ពីរ​ប្រភេទ​គឺ ៖

អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥តួ) ។

ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨តួ) ។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។

៨-ព្យញ្ជនៈ​ប្តូរ​សំឡេង

ដើម្បី ​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​មូសិកទន្ត ​“ ៉ ” មក​ដាក់​សម្លាប់​ពី​លើ,​ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧​តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ឲ្យ​ទៅ​ជា​ ឃោសៈ​វិញ ដូចជា ៖ ប៊, ស៊, ហ៊, អ៊, (៤​តួ) ។

កំណត់​សម្គាល់

អក្សរ ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3]

ករណី ​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។

៩-ព្យញ្ជនៈផ្ញើ​ជើង

ផ្ញើ ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ។

ឧទាហរណ៍

ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”

ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”

របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖

ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។

ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។

គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។

១០-ព្យញ្ជនៈ​បន្ថែម

ដើម្បី ​អាច​សម្រប​តម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាង​តាម​បែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់គ្លេស.... គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស​[4] ។ល។

១១-សិថិល និង ធនិត

ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។

ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​“ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។

១២-ព្យញ្ជនៈ​គូ

នៅ ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​តួ ក្នុង​វគ្គ​នីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖

ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​ ខ; ច ​គូ​នឹង ​ឆ; ដ​ គូ​នឹង​ ឋ; ត​ គូ​នឹង ​ថ ។

ខ/ ផ្នែក​ឃោសៈ ៖ គ​ គូ​នឹង​ ឃ; ជ ​គូ​នឹង ​ឈ; ទ ​គូ​នឹង​ ធ; ព ​គូ​នឹង ភ ។

ចំពោះ ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។

ផ្នែកទី ២

វណ្ណយុត្តិ (Signe Diacritique)

វណ្ណយុត្តិ គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្កើត​ឡើង ដើម្បី​កែ​ប្រែ​ ផ្តួល​សំឡេង​ព្យញ្ជនៈ ឬ​ពាក្យ​ពេចន៍​ខ្លះ ឲ្យ​សម​ស្រប​ទៅ​តាម​តម្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​ភាសា​របស់​យើង ។ មិន​តែ​ប៉ុណ្ណោះ​ សញ្ញា​ទាំង​នេះ ក៏​អាច​ជួយ​បំប្លែង​សំឡេង​នៃ​ពាក្យ​ខ្លះ ដែល​មាន​ប្រភព​មក​ពី​ភាសា​បាលី​ ឬ​សំស្ក្រឹត​ផង​ដែរ ។

វណ្ណយុត្តិ​ទាំង​ឡាយ​ចែក​ចេញ​ជា​ពីរ​ពួក​គឺ ៖

ក/ វណ្ណយុត្តិ​ដែល​បន្ថែម​លើ​ព្យញ្ជនៈ ដើម្បី​លម្អៀង​ស័ព្ទ​ឲ្យ​ខ្លី​ឲ្យ​មាន​សូរ​ផ្សេង​ ឲ្យ​ប្លែក​ពី​សំឡេង​ដើម (Signes diacritiques) ។

ខ/ វណ្ណយុត្តិ​ ដែល​ប្រើ​ជា​មួយ​នឹង​ពាក្យ​ ក្នុង​ឃ្លា​ប្រកប ដើម្បី​កាត់​ឃ្លា​ជា​ប្រយោគ​ជា​សង្កាត់ ដើម្បី​សម្គាល់​ន័យ​សេចក្តី​ផ្សេងៗ ។ វណ្ណយុត្តិ​ពួក​នេះ​ហៅ​ថា “ ខណ្ឌសញ្ញា ”(Signe de ponctuation) ។

១-មូសិកទន្ត​ ឬ​ធ្មេញ​កណ្តុរ “ ៉ ”

ជា ​សញ្ញា​ប្រើ​សម្រាប់​សម្លាប់, បំបែរ​សំឡេង​ព្យញ្ជនៈ ​៧​តួ ដែល​មាន​សំឡេង​ឃោសៈ ឲ្យ​ទៅ​ជា​អឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យ​ទៅ​ជា​សំឡេង​អឃោសៈ​វិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែក​តែ​តួ “ ប ” មួយ ដែល​មាន​សំឡេង​អឃោសៈ​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​លម្អៀង​សូរ​ពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ពាក្យ ង៉ក់ង, ញ៉ែង​ញ៉ង, ប៉ប៉ាច់​ប៉ប៉ោច, ម៉ែឪ, យ៉ាប់​យ៉ឺន, រឿង​រ៉ាវ, វ៉ូង​វ៉ាង ។

ចំណាំ ៖ កាល​ណា​ពាក្យ​ទាំង​នេះ​ទៅ​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះ​ប៉ិត យាប់​យ៉ឺន, ល្បែង​ចាប៉ឹក... ។ គេ​ត្រូវ​យក​សញ្ញា (ុ) មក​ជំនួស​ធ្មេញ​កណ្តុរ​ ដែល​ដាក់​ពី​លើ ដើម្បី​កុំ​ឲ្យ​វណ្ណយុត្តិ​នេះ ទើស​ទែង​គ្នា​ជា​មួយ​ស្រៈ​ខាង​លើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។

២-ត្រីស័ព្ទ (៊)[5]

ជា ​សញ្ញា​សម្រាប់​ដាក់​លើ​ព្យញ្ជនៈ​ ៤​តួ ជា​អឃោសៈ ប, ស, ហ, អ, ឲ្យ​ទៅ​ជា​ឃោសៈ​វិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈ​ប្តូរ​សំឡេង​ទាំង​នេះ ត្រូវ​បាន​យក​ទៅ​ប្រើ​ក្នុង​ពាក្យ សាប៊ូ, សម្ល​ស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាល​ណា​សញ្ញា​ត្រីស័ព្ទ​នេះ​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ ក៏​ត្រូវ​ប្រែ​ប្រួល​រូប​មក​ជា (ុ) ដូច​ករណី​ខាង​លើ​ដែរ ឧទាហរណ៍ ស៊ីបាយ, លេង​ហ៊ី... លើក​លែង​តែ​ពាក្យ ប៊ិច, អ៊ីចុះ​អ៊ីចឹង... ។

៣ រស្ស​សញ្ញា​ ឬ​បន្តក់ (់)

សម្រាប់ ​ប្រើ​ដាក់​ថែម​លើ​តួ​ប្រកប​នៃ​ពាក្យ​ ដែល​កើត​ឡើង​ពី​ស្រៈ “ អ ” និង​ស្រៈ “ អា ” ហើយ​កាត់​ស័ព្ទ​វែង​ឲ្យ​ទៅ​ជា​ខ្លី ដែល​ត្រូវ​អាន​លឿន​រហ័ស​។ ឧទាហរណ៍ ៖ កាត = ស័ព្ទ​វែង, កាត់ = ស័ព្ទ​ខ្លី, ចប = ស័ព្ទ​វែង, ចប់ = ស័ព្ទខ្លី ។

កំណត់​សម្គាល់

ក/ ចំពោះ​តួ​ព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ ម ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ មិន​បាច់​ប្រើ​សញ្ញា “រស្សៈ” ឬ​បន្តក់​ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុង​ករណី​នេះ គេ​ប្រើ​និគ្គហិត​( ៓) ឬ​ស្រៈ “ ាំ” “ ចាំ ” ជំនួស​វិញ ។

ខ/ រីឯតួព្យញ្ជនៈ​ប្រកប​នឹង​អក្សរ “ យ ” ត្រង់​សំឡេង​ប្រកប​លំដាប់​ទី​២​នោះ ក៏​មិន​បាច់​ប្រើ “ រស្ស​សញ្ញា ” ឬ​បន្តក់​ដែរ, ដូច​ជា​ពាក្យ “ ចាយ់ ” ក្នុង​ករណី​នេះ​គេ​យក​ស្រៈ​ “ ៃ ” មក​ជំនួស​វិញ ព្រោះ​មាន​សំឡេង​ដូច​គ្នា ។

គ/ ចំពោះ​ពាក្យ​ទាំង​ឡាយ​ណា ដែល​ក្លាយ​មក​ពី​ភាសា​បាលី​ឬ​សំស្រ្កឹត មិន​ត្រូវប្រើ​សញ្ញា (់) នេះ​ឡើយ ដូច​ជា​ពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យ​ទាំង​នេះ​មាន​សំឡេង​ខ្លី​ស្រេច​ហើយ តាម​ទម្លាប់​អាន​បែប​បាលី​ និង​សំស្រ្កឹត ។

៤-សំយោគ​សញ្ញា (័)

ក/ គេ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់​លម្អៀង​ស័ព្ទ​របស់​ពាក្យ​ក្លាយ​មក​ពី​ភាសា​ បាលី ឬ​សំស្រ្កឹត ដូច​ជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ​[6], អាលយ > អាល័យ ។

ខ/ សញ្ញា​នេះ​ក៏​ប្រើ​លើ​ពាក្យ​ខ្មែរ​ខ្លះ​ ដែល​មាន​សំឡេង​ស្ទើរ​ស្រៈ “​ អ ” និង ស្រៈ “ អា ” ដើម្បី​ឲ្យ​មាន​សូរ​សំឡេង​មួយ​ត្រូវ​ចំ​នឹង​សំឡេង​ពិត​នៃ​ពាក្យ​នោះ គឺ ញ័រ, ជ័រ, ទំព័រ... ។

គ/ សម្រាប់​ប្រើ​សម្រួល​សំឡេង​ក្លាយ​ពី​ពាក្យ​បរទេស​ខ្លះ​ៗ ដូច​ជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]

៥-របាទ (៌)

វណ្ណយុត្តិ ​នេះ ជា​តំណាង​អក្សរ “ រ ” ដែល​គេ​កាត់​យក​ក្បាល​ខាង​លើ​របស់​វា​ មក​រក្សា​ទុក​ធ្វើ​ជា​សញ្ញា​របាទ (៌) ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ដែល​ក្លាយ​មក​ពី​ភាសា​សំស្រ្កឹត ដើម្បី​សម្រួល​សំឡេង​អាន​តាម​បែប​សំឡេង​ខ្មែរ ។ គេ​កត់​សម្គាល់​ថា ពាក្យ​បាលី​ណា ដែល​សរសេរ​តម្រួត​នោះ កាល​ណា​យើង​សរសេរ​ជា​ពាក្យ​សំស្រ្កឹត​ក្លាយ​ខ្មែរ គេ​ត្រូវ​ដាក់ (៌) របាទ​នេះ​ជំនួស​វិញ ។

បាលី

សំស្ក្រឹត និង​សំស្ក្រឹត​ក្លាយ

បាលី

សំស្ក្រឹត និង​សំស្ក្រឹត​ក្លាយ

វណ្ណ, ពណ្ណៈ

ពណ៌

បរិបុណ្ណៈ

បរិបូណ៌

ធម្មៈ

ធម៌

សម្បុណ្ណ

សម្បូណ៌

សុវណ្ណៈ

សុវណ៌, សុពណ៌

វិសជ្ជនីយ

វិសជ៌នីយ

សគ្គ

ស្វគ៌, សួគ៌

សិទ្ធត្ថ

សិទ្ធាថ៌

សព្វង្គកាយ

សព៌ាង្គកាយ

បព្ធត

បព៌ត

៦-អស្តា (៏)

វណ្ណយុត្តិ ​នេះ គឺ​មាន​ទ្រង់​ទាយ​ជា​លេខ ៨ ប៉ុន្តែ​បង្រួញ​ឲ្យ​តូច​ ដើម្បី​ងាយ​យក​មក​ដាក់​លើ​ព្យញ្ជនៈ “ ក ” និង “ ដ ” ដែល​ជា​និបាត​ស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំ​ក៏​ទៅ, អ្នក​ក៏​ទៅ, ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ...។ ក្រៅ​ពី​នេះ​គេ​ប្រើ​លេខ​អស្តា សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លះ ជា​ពាក្យ​ភ្ញាក់​ ស្ងើច​ រំភើប​... ឱហ្ន៏ នុ៎ះហ្ន៏ ។

៧-ទណ្ឌឃាត ឬ​បដិសេធ (​៍)

វណ្ណយុត្តិ ​នេះ មាន​រូបសណ្ឋាន​ដូច​សក់​លេខ “ ៩ ” ។ គេ​ប្រើ​ទណ្ឌឃាត ដើម្បី​ដាក់​លើ​អក្សរ​ព្យញ្ជនៈ​ណា​ ដែល​គេ​មិន​អាន ប៉ុន្តែ​គេ​ត្រូវ​តែ​រក្សា​ទុក​ព្យញ្ជនៈ​នោះ​ជា​ចាំ​បាច់ ក្នុង​ន័យ​រក្សា​អក្ខរា​វិរុទ្ធ​របស់​ពាក្យ និង​ជា​គ្រឿង​សម្គាល់​ជាតិ​ស័ព្ទ​របស់​ពាក្យ ។ ឧទាហរណ៍ ៖ ​ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យ​ពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។​ គេ​ច្រើន​ប្រើ​ទណ្ឌឃាត​លើ​ពាក្យ​ក្លាយ​ពី​បាលី​និង​សំស្រ្កឹត ។ សញ្ញា​នេះ ក៏​យក​មក​ប្រើ​ចំពោះ​ពាក្យ​ខ្ចី​ពី​បរទេស​ខ្លះ សម្រាប់​រក្សា​លំនាំ​អក្ខរាវិរុទ្ធ​ដើម​របស់​ពាក្យ​ទាំង​នោះ ដូច​ជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍... ។

៨-វិសជ៌នី (ះ) ឬ​រះមុខ

គេ ​ប្រើ​សញ្ញា​នេះ សម្រាប់​ប្រកប​ជំនួស​ខ្យល់ “​ ហ​ ” ជា​ពាក្យ​កាត់​កំបុត​ខ្លី ហើយ​អាន​ដោយ​បើក​ចំហ​មាត់​ដូច​ជា ​តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ,​ ទះ, ដោះ​ដូរ, លោត​ផ្លោះ ។ល។ វា​មាន​សូរ​សំឡេង​ស្រដៀង​នឹង​ពាក្យ​ដែល​ប្រកប​នឹង​ព្យញ្ជនៈ “ ស ” ដែរ ។

៩-យុគលពិន្ទុ(ៈ) ឬ​ហៅថា “ ចុចពីរ ” ក៏បាន [8]

គេ ​ប្រើ​វណ្ណយុត្តិ​នេះ​សម្រាប់ ៖​ ដាក់​នៅ​ចុង​ពាក្យ​មាន​កំណើត​ពី​បាលី ​ឬ​សំស្រ្កឹត ដែល​មាន​សូរ “ អាក់ ” ឬ “​ អ៊ាក់ ” ដូច​ជា លោភៈ, មោហៈ, ទោសៈ...

ចំណាំ ៖ បើ​ពាក្យ​ទាំង​នេះ​នៅ​ខាង​ដើម​គេ ដូច​ជា ពលកម្ម, វណ្ណកម្ម​ សច្ចភាព, ខេមរភាសា នោះ​គេ​មិន​ចាំ​បាច់​ដាក់​យុគល​ពិន្ទុ​ទេ ព្រោះ​ពាក្យ​ទាំង​នេះ​ជា​សមាសនាម ។

លើក ​លែង​តែ​ពាក្យ​ ៖ គណៈ ដែល​ទោះ​បី​វា​នៅ​ដើម​គេ ឬ​កណ្តាល​គេ​ក្តី ក៏​ត្រូវ​តែ​ប្រើ​យុគលពិន្ទុ​ជា​ដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធាន​រដ្ឋ... ព្រោះ​ថា​ក្នុងពាក្យ​ទាំង​នេះ​ “គណៈ” មិន​ចូល​ក្នុង​សមាសនាម​តាម​ក្បួន​ខ្នាត​វេយ្យាករណ៍​បាលី ។

លើក​លែង​តែ​ពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ...​ ដែល​គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ទេ ។

រីឯពាក្យ ៖ កាលៈ​ទេសៈ គេ​ត្រូវ​ប្រើ​យុគលពិន្ទុក​ទាំង​ពីរ​ម៉ាត់​តែ​ម្តង ។ ក៏ប៉ុន្តែ បើ​គេ​សរសេរ​ពាក្យ​នេះ “ បញ្រ្ចាស ” មក​វិញ “ ទេសកាល ” នោះ គេ​មិន​ត្រូវ​ប្រើ​យុគលពិន្ទុ​ឡើយ ។

ក្នុង ​សម័យ​នេះ គេ​យក​យុគលពិន្ទុ​មក​ប្រើ​ក្លាយ​ក្នុង​ឃ្លា​ប្រយោគ​ខ្លះ​ដែរ សម្រាប់​រាប់​រាយ​ឈ្មោះ​អ្វីៗ​ ដូច​ពាក្យ​ថា ទង់​ជាតិ​បារាំង​មាន ៣​ពណ៌​គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែ​ជា​ទូទៅ អ្នក​និពន្ធ​ទាំង​ឡាយ​តែង​តែ​ប្រើ “ទ្វិពិន្ទុ​លេខ” ក្នុង​ករណី​រៀប​រាប់, ឧទ្ទេស បង្ហាញ... ព្រោះ​ការ​ប្រើ​សញ្ញា​ខណ្ឌ​បែប​នេះ​ត្រឹម​ត្រូវ និង​សម​ហេតុ​សម​ផល​ជាង ។ យើង​នឹង​បាន​ឃើញ​ព្រម​ទាំង​អធិប្បាយ​ពន្យល់ អំពី​ខណ្ឌ​សញ្ញា​នេះ​នៅ​ទំព័រ​ខាង​មុខ ។

១០-រជ្ជុស​ញ្ញា ឬ​សហសញ្ញា (-) “Trait d’union”

ជា​សញ្ញា​បន្ទាត់​ផ្ដេក​ខ្លី​សម្រាប់​ប្រើ​ប្រាស់​បាន​ច្រើន​យ៉ាង​នៅ​ក្នុង​ការ​សរសេរ​អត្ថបទ ​ឬ​តែង​និពន្ធជា​ដើម ។

ក/សម្រាប់​បំបែក​ព្យាង្គ​នៃ​ពាក្យ​មួយ​ កុំ​ឲ្យ​អាន​ច្រឡំ​ជា​ប្រកប ​នាំ​ឲ្យ​ខុស​ពាក្យ​ដូច​ជា ទូក-ង, ​កុក-ស,​ សម្បុរ-ស,​ខ្សែ-ក​...។

ខ/សម្រាប់​ត​ភ្ជាប់​ពាក្យ​មួយ ដែល​សរសេរ​មិន​ទាន់​ចប់​នៅ​ចុង​ទំព័រ ហើយ​ត្រូវ​ត្រឡប់​មក​សរសេរ​នៅ​ដើម​បន្ទាត់​វិញ ។

គ/ សម្រាប់​ភ្ជាប់​ពាក្យ​មួយ​ដែល​ដាច់​គ្នា ដើម្បី​តម្រូវ​ចាប់​ចុង​ចួន​ក្នុង​កំណាព្យ ។

ឃ/ សម្រាប់​បញ្ជាក់​អំពី​ការ​ផ្លាស់​ប្តូរ​ឃ្លា​សន្ទនា​នៃ​តួ​ពីរ ឬ​ច្រើន​នាក់ ។

ង/ សម្រាប់​សម្គាល់​នូវ​ការ​រៀបរាប់ ជា​លំដាប់​លំដោយ អំពី​គំនិត ​ឬ​ចំណុច​ប្លែកៗ ។

១១-កាក​បាទ ឬ​ជើង​ក្អែក (+)

គឺ ​ជា​បន្ទាត់​ខ្លី​ពីរ ​មួយ​ផ្តេក​មួយ​ទៀត​បញ្ឈរ គូស​កាត់​ខ្វែង​គ្នា​ចំពាក់​កណ្តាល ។ គេ​ប្រើ​វណ្ណយុត្តិ​នេះ សម្រាប់​ដាក់​លើ​ពាក្យ​ឧទាន​ស័ព្ទ​ខ្លីៗ​មួយ​ចំនួន​ ដែល​មាន​សូរ​សៀង​បង្អូស ​ឬ​ត្អូញ​ថ្ងូរ ដូច​ជា​ពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាង​ផ្នែក​នព្វន្ត គេ​ប្រើ​សញ្ញា​ជើង​ក្អែក​ជា​សញ្ញា​បូក, ឧទាហរណ៍ ៖ ១៥+៣៨ ។

១២-លេខ​ទោ (ៗ)

សញ្ញា​នេះ​គេ​ប្រើ​សម្រាប់

ក/- ផ្ទួន​ពាក្យ​ដែល​តម្រូវ​ឲ្យ​ថា ឬ​អាន​ពីរ​ដង,

ខ/- សម្រាប់​បញ្ជាក់​អំពី​ចំនួន​ច្រើន ឬ ពហុវចនៈ ។

ចំណាំ ៖ មិន​មែន​កំណត់​ថា គ្រប់​តែ​ពាក្យ​ដែល​ត្រូវ​ថា​ឬ​អាន​ពីរ​ដង​នោះ ត្រូវ​តែ​ដាក់​លេខ​ទោ​ទាំង​អស់​នោះ​ ទេ ។ ពាក្យ​បាលី​ខ្លះ​ដែល​យក​មក​ប្រើ​ក្នុង​ភាសា​ខ្មែរ ដូច​ជា នានា ​ធម្ម​សង្វេគ គេ​ត្រូវ​សរសេរ​ពាក្យ “នានា”​ នេះ​ត្រួត​គ្នា​ពីរ​ដង ដោយ​គោរព​ទៅ​តាម​វិធាន​បាលី ។ ដូច​ជា​ពាក្យ​ថា ឯហិមម...? ។ បើ​ប្រើ​ជា​មួយ​គុណនាម ​និយាយ​អំពី​ពណ៌​នោះ​ ពាក្យ​ស្ទួន​ដោយ​ប្រើ​លេខ​ទោ​ ចង់​បញ្ជាក់​អំពី​ប្រភេទ​ពណ៌ ដោយ​ឡែកៗ​របស់​វត្ថុ ។

ចំពោះ ​ពាក្យ​ខ្មែរ​ខ្លះ ដែល​មាន​សំឡេង​ដដែលៗ​ពីរ​ដង​ដូច​ជា​បបរ កករ ត្រូវ​តែ​សរសេរ​ពីរ​ដង​ជាន់​គ្នា​ដូច្នេះ​ជា​ដរាប ។ ហាម​ដាច់​ខាត មិន​ឲ្យ​សរសេរ បរៗ, ករៗ, បែប​នេះ​ឡើយ ។

លេខ​ទោ​ប្រើ​ក្នុង​ករណី​បញ្ជាក់​ និង​ប្រៀប​ធៀប ។

លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​មួយ​ព្យាង្គ ។

លេខ​ទោ​ប្រើ​ជា​មួយ​ពាក្យ​ពីរ​ម៉ាត់ ។

លេខ​ទោ​ប្រើ​ជំនួស​ពាក្យ​បី​ម៉ាត់​ឬ​ច្រើន​ព្យាង្គ ។

ចំណាំ ៖ លេខ​ទោ​មិន​អាច​ប្រើ​ផ្ទួន​បាន​នៅ​ខាង​ចុង​ពាក្យ​ពិពណ៌នា អំពី​រូប​រាង​មនុស​ឬ​សត្វ ដូច​ជា កូន​គោ​នេះ​ធាត់​ទ្រលុក​លុក មុខ​ឡើង​កំប្លង់​ប្លង់​ដូច​វង់​ចន្រ្ទា ។ ស្គម​កំព្រឹង​ព្រឹង ។

មិន​ត្រូវ​ប្រើ​លេខ​ទោនេះ​ក្នុង​ករណី​ប្រើ​ពាក្យ​ដដែល​ច្រើនដង ។

ផ្នែកទី​៣

ខណ្ឌ​សញ្ញា (Signes de ponctuation)

ខណ្ឌ ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។

១-ក្បៀស (,) ឬ​កណ្ដក​សញ្ញា (La virgule)​[9]

សញ្ញា ​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។

ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម

ខ/ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម

គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម

ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ

កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍​របស់​គេ ។

អត្ថបទ ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖

ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។

ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។

និយាយ ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10]

២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)

សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖

ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។

ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។

សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ (°) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បានៗ​សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍ ។

ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ​[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ... ចុះ​ថ្ងៃ​ទី....

កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖

ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា​[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា... ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។

ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ​[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។

៣-បុច្ឆន​សញ្ញា (?) (Point d'interrogation)

ជា ​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា...) យ៉ាង​ម៉េច​ក៏..., អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, ... ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។

-ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?

-គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។

ក្រៅ ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។

មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។

៤-ឧទានសញ្ញា (!) (Point d'exclamation)

សញ្ញា ​បង្គោល​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរ​ផង​ដែរ ។

៥-អញ្ញប្រកាស​[14] (“...”)

គឺ ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖

ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។

ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។

គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ ។

ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។

៦-អព្ភន្តរ​សញ្ញា​[15] (‘...’)

សញ្ញា ​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។

សូម ​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ....” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“...”) ឬ («...»)​[16]

ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ (‘... ’) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស (“...”) ។

៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (...) (point de Suspension)

ជួន ​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖

ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។

ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា... ។ ​

គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។

ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។

៨-វង់​ក្រចក ឬ​នខសញ្ញា ()

បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖

ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។

ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។

៩-វង់​តង្កៀប [.....]

នៅ ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​ មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។

១០-រ៉ាត់ ឬ​ឃ្នាប (} ឬ { ....}) (Accolade)

សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។

ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ({) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ (}) គឺ​បែប​នេះ {.....} ។

ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។

១១-បេយ្យាលៈ ឬ លៈ (។ល។)

គេ ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។

១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)

គេ ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។

ប៉ុន្តែ ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ) ។

១៣- ខណ្ឌចប់ (៕)

ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។

១៤- អាទិសង្កេត (.)

គឺ ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖

១. មង្គល​ការ អបមង្គល

២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់

៣. ចង់​រត់​ចេញ​ពី​សង្គម...

ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។

១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)

បុព្វក ​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។

១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)

គឺ ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។ យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚

១៧-អំពី​លេខ​ខ្មែរ

តាំង ​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល... ។

នៅ ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តី​ជា​ឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន ៖

ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖

0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។

ខ/ លេខ​អារ៉ាប់ ៖

0, 1, 2, 3, 4, 5, 6, 7, 8, 9 ។

ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរជាតិ​ទៅ​ហើយ ។

គ/ លេខ​ខ្មែរ​បុរាណ

លេខ ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម ៖

៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។

ឃ/​លេខ​រ៉ូម៉ាំង (Chiffre romain)

លេខ​រ៉ូម៉ាំង ច្រើន​សរសេរ ៖

ក-​ នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង

ខ- សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]

នៅ​ កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។

១៨-ការ​ចុះ​កាល​បរិច្ឆេទ

ការ ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ... កាល​បរិច្ឆេទ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ក្រុង​អង្គរ... កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ដែល​ស្លាប់ ។

- ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ

ចាប់ ​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​ដើម​សម័យ​ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លករឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​បែប​នេះវិញ ៖

ព.ស. ២៥៤៩

៣ ᧫ ៦ ឆ្នាំ​មមែ

គ.ស. ២០០៥

នេះ ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ខាង​ក្រោម ៖

ព.ស. ២៥៤៨

៧᧳៨ ​ឆ្នាំ​ឆ្លូវ

គ.ស. ២០០៤

១៩-អំពី​ទម្រង់​ផ្សេងៗ​នៃ​អក្សរ​ខ្មែរ (Les différents types de caractères Khmers)

អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖

ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖

អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ជំហរ​រាង​ទ្រេត​ទៅ​មុខ ។

ខ/​ អក្សរ​ត្រង់ (Eeriture droite)

គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។

ប៉ុន្តែ គេ​កម្រ​ឃើញ​ទម្រង់​អក្សរ​ សរសេរ​ទ្រេត​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។

គ/ អក្សរ​មូល​[18]

អក្សរ ​មូល គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្រ្កឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។

ករណី​លើក​លែង

ប៉ុន្តែ ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ... នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖

រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​... ។ល។

ឃ/ អក្សរ​ខម​[19]

អក្សរ​ខម​នេះ មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ជា ៖

-អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។

-គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​នៅ​ត្រង់​ចុង​មុម ។

-អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ដល់​ម្ខាង “ម”[20]

-ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”​[21]

គេ ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។

២០-ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង

តាំង ​ពី​ប្រទេស​យើង​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។

ឧទាហរណ៍៖

គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។

ក្រោយ ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖

១- Janvier = យ៉ាំងវីយេ = មករា ២- Février = ហ្វេវ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា​ ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ ។

នេះ ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា... បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា ៖

-មិគសិរ= លេខ ១ -ជេស្ឋ =​ លេខ ៧

-បុស្ស = លេខ ២ -អាសាឍ = លេខ ៨

-មាឃ= លេខ ៣ -ស្រាពណ៍= លេខ ៩

-ផល្គុន = លេខ ៤ -ភទ្របទ = លេខ ១០

-ចេត្រ = លេខ ៥ -អស្សុជ = លេខ ១១

-ពិសាខ = លេខ ៦ -កក្តិក = លេខ ១២

ពាក្យ​អញ្ញត្រ​ស័ព្ទ

(Les mots exceptionnels)

គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។

ឧទាហរណ៍

-អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។

-អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។

-(ខាង)​លិច​(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។

-មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។

-មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។

-ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។

-ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។

-វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។

-សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។

-តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​១ ​ក្នុង​ទសជាតក; ... ។

-តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។

-បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​

-បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។

-ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​បាលី=​ទីដែល​គេ​គោរព​បូជា ។

-ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។

-ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។

-ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី​[22]

-ប្រពៃណី= អានថា “ប្រពៃនី​[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។

-អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។

ខ្ញុំ ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។

សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស​៥​យ៉ាង​គឺ ៖

១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។

២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា ។

៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។

៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។

៥-យក្យ ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច ...។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។

២១- អក្ស​រ​កាត់

នៅ ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។

ជួន ​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ស្រុង​ដដែល ។

ឧ. អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.

សហរដ្ឋ​អាមេរិក ​ ស. រ. អា.

គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ.

សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.

វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​ក្នុង​ពាក្យ​ណាមួយ​ធ្វើ​ជា​គោល ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ ពាក្យ​គោល ដូច​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​

២២- ឋានៈរបស់​ពាក្យ

ក/​ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា

ដើម្បី​រាប់​កំណត់​ចំនួន​ព្រះ​រាជា​នោះ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖

ឧ. ​ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​រាជរោង​មាន ១៧ អង្គ ។

ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖

​ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។

បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទ និង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។

ខ្មែរ ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ជម្រាប​ខាង​លើ ។

ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់

ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​វិញ​ គេ​ប្រើ​ពាក្យ “រូប” ៖

ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។

គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា

ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖

ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។

ឃ/ ចំពោះ​សត្វ​ទូទៅ

ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ប្រើ​ពាក្យ “ក្បាល” ៖

ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។

-តែ​ដោយ​ឡែក, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។

ង/ ចំពោះ​វត្ថុ​ផ្សេងៗ

-ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។

-អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។

-ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក ។

-ស័ង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។

-ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។

-ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។

-គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។

-រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។

ច/ ចំពោះ​រុក្ខជាតិ

ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ភ្ជាប់​ពី​ក្រោយ ៖

ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។

ឆ/ ចំពោះ​សត្វ​ទូទៅ

ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។

ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច

ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ៖

ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖

-ត្រឡាច ២០ គុម្ព ។

-ស្ពៃ​ខ្មៅ ១០០ គុម្ព ។

-ខាត់​ណា ៥០ គុម្ព ។

ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍

ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖

ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់ ។

ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត

បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ថា “ប្រដាប់” ៖

-គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។

-ឬ​ខោ​អាវ ១ កុំប្លេ ។

-បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។

-បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ថា“អាវ” ឧ. កំណាត់ ១ អាវ ។

-បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។

-បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។

-បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។

-បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។

-បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖

ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។

ដ/ ចំពោះ​ផ្លែ​ឈើ

បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖

-បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។

-បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។

-បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។

របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ទៅ​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។

-បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​

-បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ) ។

-បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ដូង​ដែល​ចេញពី​ ទង​មួយ ។

-បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ស្លា​ដែល​ចេញពី​ទង​មួយ ៖

ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។

-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។

-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។

-បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​មួយចង្វាយ ។

-បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ​យួរ ។​

ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ

កាល ​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖

• យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។

• ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។

• មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។

• មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។

• មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។

• មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។

• ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។

• មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។

• មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។

ឯកសារ​ពិគ្រោះ

១- មូល​វិជ្ជា​ខេមរ​ភាសា ។

២- វេយ្យាករណ៍ ធន់​ ហ៊ិន ។

៣- ភាសា​ខ្មែរ​ថ្នាក់​ទី ១០ ក្រសួង​អប់រំ ។

៤- វេយ្យាករណ៍​ខ្មែរ​ពិស្តារ ពូវ - អ៊ុម ។

៥- មូលភាព​នៃ​ការ​បង្កើត​ពាក្យ កេង​វ៉ាន់សាក់ ។

៦- វេយ្យាករណ៍​ខ្មែរ ឃឹន សុខ ។

៧- វេយ្យាករណ៍​ខ្មែរ ក្រសួង​អប់រំ ។

៨- វេយ្យាករណ៍ ទម្រង់​និយម​នៃ​ភាសា​ខ្មែរ​ទំនើប ព្រុំ ម៉ល់ ។

៩- ការ​តែង​និពន្ធ ជួរ គារី ។

១០- និពន្ធ​សេចក្តី​ខ្មែរ វិជ្ជា​និពន្ធ គិត ហ៊ាង ។

១១- ផ្កា​ស្រពោន នូ ហាច ។

១២- កុលាប​ប៉ៃ​លិន ញ៉ុក ថែម ។

១៣- វេស្សន្តរ​ជាតក ព្រះ​អង្គ​ដួង ។

១៤- រឿង​រតនាវង្ស ។

១៥- អក្សរសិល្ប៍​ខ្មែរ លី ធាម​តេង ។

១៦- ជិនវង្ស អរិយគាមុនី ហ៊ីង ។

១៧- កាកី ព្រះ​អង្គ​ដួង ។

១៨- វេស្សន្តរ​ជាតក ។

[1] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ មាន​ស្រៈ ៥ ទៀត ពោល​គឺ ាះ (ឧ. ច៎ាះ, អាះ) ីះ (ឧ. យីះ !) ឺះ (ឧ. អឺះ, អ៊ឺះ, វ៉ឺះ, បឺះ ៗ ! ទឺះ ៗ !) ៀះ (ឧ. វៀះ​វៀន) និង ​ េះ (ឧ. ចេះ) ។

-> ចំពោះ​ស្រៈ ួ ឿ និង ៀ ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ​និង​ឃោសៈ ខ្មែរ​យើង​បញ្ចេញ​សំឡេង​ដូច​គ្នា​មែន តែ​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​ចន្ទបុរី (សព្វ​ថ្ងៃ​នៅ​ប្រទេស​សៀម) និង​នៅ​តំបន់​ភ្នំ​ក្រវាញ កាល​ណា​ថា កួរ និង គួរ, កឿ និង គឿ, ហើយ​និង កៀ​ និង គៀ នៅ​តែ​បញ្ចេញ​សំឡេង​មិន​ដូច​គ្នា​ទេ ពីព្រោះ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ បញ្ចេញ​សំឡេង​ស្រាល (ឬ​ហៅ​ សំឡេង​តូច) ហើយ​ជា​មួយ​ព្យញ្ជនៈ​ឃោសៈ បញ្ចេញ​សំឡេង​ធ្ងន់ (ឬ​សំឡេង​ធំ) ។

[2] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ពាក្យ សន្តោស, សន្តាន, ចិន្តា និង អន្តរធាន ត្រូវ​សរសេរ​នឹង ន្ត ដើម្បី​រក្សា​ជាតិសព្ទ ព្រោះ​ជា​ពាក្យ​មក​ពី​សំស្ក្រឹត-បាលី ។ ពី​ដើម ខ្មែរ​យើង​ធ្លាប់​មាន​ជើង “ដ” មាន​រូប​សណ្ឋាន​ដូច​ខ្លួន​អក្សរ ដ តែ​បាត់​សក់ សម្រាប់​តែ​ពាក្យ​សំស្ក្រឹត-បាលី ។ ជើង​នេះ ខ្ញុំ​បាទ​ប្រទះ​ឃើញ​ក្នុង​សិលា​ចារឹក​នគរ​វត្ត​សម័យ​ក្រោយ​អង្គរ ឧទាហរណ៍ ក្នុង​សិលា​ចារឹក​លេខ ១ និង ៣ (សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ទំព័រ​ទី ១២៦, ១៤០, ១៤១) និង​ក្នុង​ទស្សនាវដ្តី កម្ពុជសុរិយា លេខដំបូង ៗ លោក​បាន​សរសេរ​ពាក្យ “ទស្សនាវដ្តី” នឹង​ជើង ដ ពុំ​មែន​ជា​ជើង​ ត ទេ ។

[3] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។

[4] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ស្រៈ œ ក្នុង​ភាសា​បារាំងសែស ច្រើន​អាន​ថា េ មិន​មែន​ជា ឺ ។ ក្នុង​ វចនានុក្រម​ខ្មែរ របស់​ពុទ្ធសាសន​បណ្ឌិត្យ លោក​បាន​សរសេរ​ឈ្មោះ​នេះ​ថា ហ្ស៊ក សេដែស ។

[5] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ សរសេរ​ ត្រីស័ព្ទ ខ្ញុំ​បាទ​យល់​ស្រប​ជា​មួយ​លោក តែ​ក្នុង​វចនានុក្រម​ខ្មែរ សរសេរ​ថា ត្រីសព្ទ វិញ ។ តែ​ត្រង់​មេ​ពាក្យ​ សព្ទ សរសេរ​ថា សព្ទ ឬ ស័ព្ទ ។ ខ្ញុំ​បាទ​មិន​ដឹង​ជា​អក្ខរាវិរុទ្ធ​ណាត្រូវ​ជាង ។

[6] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ “អាសយ” ជា​ពាក្យ​បាលី ក្លាយ​ជា​ “អាស័យ” តាម​អក្ខរាវិរុទ្ធ​ខ្មែរ ។ រី​ឯ “អាស្រ័យ” វិញ ជា​ពាក្យ​ក្លាយ​មក​ពី​សំស្ក្រឹត “អាឝ្រយ” (និង​តួ ឝ ដែល​ខ្មែរ​យើង​ហៅ​ថា ស-គ) ។

[7] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ័រ ក្នុង​ភាសា​ខ្មែរ​មាត្រដ្ឋាន (ភាសា​ខ្មែរ​ស្តង់ដារ) មាន​តែ​ជា​មួយ​នឹង​ព្យញ្ជនៈ​ឃោសៈ ដូច​លោក​បាន​សរសេរ ។ តែ​ខ្ញុំ​បាទ​ឃើញ​ថា សព្វ​ថ្ងៃ​នេះ (តាម​ពិត គឺ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០) គេ​ច្រើន​សរសេរ​នឹង​ព្យញ្ជនៈ​អឃោសៈ​វិញ ។ ឧ. ប័រ (ខ្លាញ់​ទឹក​ដោះ​គោ) ទោះ​ជា​ក្នុង​វចនានុក្រម​ខ្មែរ លោក​ថា​ ត្រូវ​សរសេរ ប៊័រ ; បៀរ​ម៉ាក​អានឆ័រ ; សារព័ត៌មាន​កំបូដ​ស័រ ។ ខ្ញុំ​បាទ​គិត​ថា គួរ​តែ​រំឭក​កូន​ខ្មែរ​ឲ្យ​សរសេរ ប៊័រ អានឈ័រ និង​កំបូដ​ស៊័រ​ វិញ ព្រោះ​ថា ក្នុង​គ្រាមភាសា​ខ្មែរ​មួយ​ចំនួន ឧទាហរណ៍​នៅ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះ​វិហារ ឬ​នៅ​ខេត្ត​សុរិន្ទ ខ្ញុំ​បាទ​បាន​ឮ​បង​ប្អូន​ខ្មែរ មិន​ច្រឡំ ័រ និង ៊័រ ឡើយ ។ ឧទាហរណ៍ គេ​ថា “អ័រ-​ក” (អារ់​ក គឺ អារ-ក) ហើយ​ពាក្យ​ថា​ អ័រ គេ​បញ្ចេញ​សម្លេង​ខ្លី (អារ់) ខុស​ពី​ “អារ” (ឧ. ប្រពន្ធ​អារ) មាន​សូរ​សម្លេង​វែង ។ ពាក្យ​ទាំង​នេះ ឮ “រ” ប្រកប​យ៉ាង​ច្បាស់ ។ “ធ្វើ​ការ” គេ​និយាយ​ថា “ធ្វើ​ការ” (ឮ​ទាំង​ស្រៈ​អា​វែង និង​ រ ប្រកប) ខុស​ពី “មេ​ឆ្កែ​ក័រ​ (ការ់) កូន” (គឺ មេ​ឆ្កែការ​កូន) ហើយ​ខុស​ពី “ម៉ែ​មាន​គ័ភ៌” (ឮ​ថា គ័រ) គឺ​ថា “ការ” “ក័រ” និង “គ័រ” មាន​សំឡេង​ខុស​គ្នា​នៅ​ក្នុង​ខេត្ត​ទាំង​នោះ ។

[8] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ យុគលពិន្ទុ មាន​ប្រើ​ក្នុង​ពាក្យ​ខ្មែរ​មួយ​ចំនួន​តូច ដូច​ជា រយៈ ហេៈ ឬ ហែៈ (សូរ​លាន់​មាត់) អ៊ីថាៈ វូម​វៈ ! អ្ហាៈ !​ និង​ពាក្យ​មួយ​មក​ពី​ចិន ៖ ប៉ិកួៈ (ដំឡូង​រលួស) (នេះ​គឺ​ជា​អក្ខរាវិរុទ្ធ​របស់​វចនានុក្រម​ខ្មែរ តែ​ខ្ញុំ​បាទ​ឃើញ​ថា គេ​ច្រើន​សរសេរ ប៉ិគក់ វិញ ក្នុង​សៀវភៅ​ធ្វើ​ម្ហូប) ។ ក្នុង​វចនានុក្រម​ខ្មែរ លោក​ហៅ​យុគលពិន្ទុ​ថា ជា​វណ្ណយុត្តិ តែ​ក្នុង​វិស័យ​ភាសាសាស្ត្រ ខ្ញុំ​បាទ​យល់​ថា ​អាច​ទុក​ថា នៅ​ក្នុង​ចំណោម​ស្រៈ​ ឬ ស្រៈ​និង​ ក ប្រកប វិញ ។

[9] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ គួរ​សរសេរ កណ្កកសញ្ញា វិញ ទោះ​ជា​អាន​ថា កណ្តក់ ក៏​ដោយ ព្រោះ​ កណ្តក ជា​ពាក្យ​បាលី មាន​ន័យ​ថា បន្លា ។

[10] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ រឿង​ក្បៀស​ជា​រឿង​សំខាន់​បំផុត បើ​និយាយ​ពី​រឿង​តួ​លេខ ដែល​គួរ​តែ​យក​មក​ពិភាក្សា ដោយ​ហេតុ​តែ ពី​មុន​ ខ្មែរ​យើង​បាន​ទទួល​ឥទ្ធិពល​ពី​បារាំងសែស​យ៉ាង​ខ្លាំង​ក្លា ។ “ពីរ​កន្លះ” យើង​សរសេរ​ថា ២,៥ តាម​ទម្លាប់​បារាំង (ប្រើ​ក្បៀស) ។ តែ​សព្វ​ថ្ងៃ ឥទ្ធិពល​បរទេស​មក​ពី​អាមេរិកាំង​វិញ ហើយ​ពួក​អាគាំង​សរសេរ​ថា ២.៥ (ប្រើ​ចំណុច) ។ សព្វ​ថ្ងៃ ឃើញ​ថា មាន​ពួក​ក្មេង ៗ និយម​សរសេរ​ដូច​អាមេរិកាំង​ដែរ ។ “បី​ពាន់” អាមេរិកាំង (ឬ​ពួក​អង់ក្លូសាក់សុង​ជា​ទូទៅ) សរសេរ​ជា​លេខ​ថា ៣,០០០ (សៀម​ក៏​សរសេរ​ដូច្នេះ​ដែរ ៖ ๓,๐๐๐) ឯ​បារាំង​វិញ សរសេរ​ថា ៣ ០០០ (ដាក់​ចន្លោះ​ភ្ជាប់​ក្រោយ​ពី​ខ្ទង់​ពាន់) ឬ ៣០០០ ឬ ៣.០០០ ក៏​បាន ។ ខ្មែរ​ធ្លាប់​ធ្វើ​តាម​បារាំងយូរ​មក​ហើយ ជាង​មួយ​សតវត្ស តែ​ត្រូវ​សម្រេច​ចិត្ត យក​របៀប​ណា របស់​អាមេរិកាំង ឬ​ របស់​បារាំង ?

[11] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ ទោះ​ជា​មាន​គេ​និយម​សរសេរ “កម្មវត្ថុៈ” “យោងៈ” ។ល។ នេះ​គួរ​មិន​ទុក​ថា ត្រឹម​ត្រូវ​ទេ ព្រោះ​ធ្វើ​ឲ្យ​ច្រឡំ​តួ​នាទី​របស់​យុគលពិន្ទុ​និង​ទ្វិពិន្ទុលេខ ។ គួរ​សរសេរ “កម្មវត្ថុ” ៖ “យោង” ​៖ វិញ ព្រោះ​សព្វ​ថ្ងៃ​ យើង​មាន​យូនីកូដ​ខ្មែរ ។

[12] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ តាម​យោបល់​ខ្ញុំ​បាទ កូន​សិស្ស​ខ្មែរ ដែល​រៀន​ក្បួន​ខ្នាត​អក្ខរាក្រម​និង​វេយ្យាករណ៍​ខ្មែរ មិន​អាច​យល់​កថាខណ្ឌ​ខាង​លើ ព្រោះ​ពួក​គេ​មាន​ភាសា​ខ្មែរ​ជា​ភាសា​កំណើត ហើយ​មិន​ចេះ​ភាសា​បារាំង ព្រោះ​ហេតុ​ថា ភាសា​បារាំង ពុំ​សូវ​មាន​អ្នក​ណា​រៀន​សព្វ​ថ្ងៃ​នេះ ។ មាន​តែ​មនុស្ស​ដែល​បាន​ទទួល​ការ​អប់​រំ​នៅ​សម័យ​អាណាព្យាបាល ឬ សង្គម​និយម ដែល​អាច​យល់​បាន ។​ ហើយ​បើ​សិន​ជា​ត្រូវ​ការ​ខណ្ឌសញ្ញា គួរ​ប្រើ​ទ្វិពិន្ទុលេខ (ចំណុច​ពីរ​គូស ៖) ជំនួស​យុគលពិន្ទុ (ៈ) វិញ ។

[13] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ខ្ញុំ​គិត​ថា គួរ​ប្រើ (៖) វិញ ព្រោះ​មាន​ចុច​ពីរ​ក្នុង​ពាក្យ​ថា អ៊ីថាៈ​ហើយ អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ។ ឧ. “ឯង​ថា​ មិន​ឲ្យ​គ្នា​ទៅ​អ៊ី​ថាៈ បាន​ជា​គ្នា​មិន​ទៅ !” ។

[14] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា វិឡារសញ្ញា, អញ្ញប្រកាស ឬ កោណសញ្ញា ហើយ​សរសេរ​ថា “» មាន​ឈ្មោះ​ដូច​គ្នា ។

[15] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លោក នួន ប៊ុត ហៅ​សញ្ញា​នេះ​ថា អន្តរសញ្ញា ។

[16] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ប្រការ​នេះ​ជា​ការ​ពិបាក​និង​ស្មុគ​ស្មាញ​បន្តិច​ដូច​លោក​បាន​យក​មក​ ពិភាក្សា​ ព្រោះ​ខ្ញុំ​ឃើញ​ថា អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ឡាយ មិន​ប្រើ​ឈ្មោះ​ដូច​គ្នា​ទេ ។ ឧទាហរណ៍ លោក​ នួន ប៊ុត ហៅ “ ” និង “» ថា វិឡារសញ្ញា ហើយ​ថា ហៅ​ថា អញ្ញប្រកាស ក៏​បាន ។ រួច​លោក​ថា “នឹង​ហៅ​ថា កោណសញ្ញា ដើម្បី​ឲ្យ​ស្រួល​ចំណាំ​កុំ​ឲ្យ​ច្រឡំ​គ្នា​បាន” ។ ​ភាសា​បារាំង គេ​ហៅ​សញ្ញា “» ​នេះ​ថា វិឡារសញ្ញា​បារាំងសែស និង “ ” ថា វិឡារសញ្ញា​អង់គ្លេស អាច​ប្រើ​ទាំង​ពីរ​បាន តែ​វិឡារសញ្ញា​អង់គ្លេស​ទុក​ជា​សញ្ញា​រង គឺ​មាន​តួ​នាទី​ខុស​គ្នា​បន្តិច ។ ឧ. “អ្នក​កាន់​បេឡា បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ៖ “សូម​មើល ‘ប៉ាស់ស្ព័រ’ របស់​លោក​បន្តិច ។” ខ្ញុំ​ក៏​ហុច​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ឲ្យ​គាត់” ។ សញ្ញា “» ​នេះ ពួក​អង់គ្លេស​និង​អាមេរិកាំង​មិន​ដែល​ប្រើ​ឡើយ ប្រើ​តែ “ ” ប៉ុណ្ណោះ ។ សូម​អ្នក​ប្រាជ្ញ​ខ្មែរ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​ មេត្តា​ដាក់​ឈ្មោះ​ខុស​គ្នា​ឲ្យ​ខណ្ឌសញ្ញា​ទាំង ៣ យ៉ាង​នេះ ពោល​គឺ “», “ ” និង ‘ ’ កុំ​ឲ្យ​កូន​ខ្មែរ​ច្រឡំ ។

[17] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ លេខ​រ៉ូម៉ាំង​មាន​តួ​ច្រើន​ទៀត ព្រោះ​មិន​អនុវត្ត​តាម​របាប់​ទសភាគ ហើយ​លេខ​រ៉ូម៉ាំង​ពុំ​មាន​លេខ​សូន្យ ។តួ​លេខ​ដទៃ​ទៀត គឺ ៖ L (៥០) C (១០០) D (៥០០) M (១០០០) ។

[18] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ កាល​ខ្ញុំ​បាទ​បាន​រៀន​អក្សរ​ខ្មែរ ខ្ញុំ​បាទ​ក៏​ឮ​គ្រូ ៗ របស់​ខ្ញុំ​បាទ​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល (ហើយ​ខ្ញុំ​បាទ​កត់​សម្គាល់​ថា សព្វ​ថ្ងៃ​នេះ ក្មេង ៗ ជា​ច្រើន​មិន​ស្គាល​ឈ្មោះ​នេះ ហៅ​ថា អក្សរ​ឆ្លាក់​វិញ) ។ តែ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​បាទ ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​មូល ក៏​ជា​ការ​ច្រឡំ​ដែរ ។ ទោះ​បី​ជា​តួ​អក្សរ​មាន​រាង​មូល​មែន​ក៏​ដោយ តាម​ពិត​គឺ​ជា​អក្សរ​ខម ។ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​ខម មិន​មែន​ជា​អក្សរ​មូល​ទេ ។ នៅ​ស្រុក​សៀម គេ​ប្រើ​អក្សរ​បែប​នេះ​ក្នុង​សាស្ត្រា​ស្លឹក​រឹត និង​ក្រាំង (សព្វ​ថ្ងៃ​នេះ មាន​មនុស្ស​តិច​ណាស់ ដែល​ចេះ​អាន ព្រោះ​ស្តេច​សៀម​នៅ​ចុង​សតវត្ស​ទី ១៩ ដើម​ ស.វ. ទី ២០ ចង់​ផ្សព្វ​ផ្សាយ​តែ​អក្សរ​សៀម ដោយ​យក​លេស​ថា ជា​អក្សរ​ពិបាក​រៀន និង​ពិបាក​ប្រើ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ តែ​តាម​ទស្សនៈ​ខ្ញុំ​បាទ គឺ​មក​ពី​ទស្សនៈ​ជាតិ​និយម ដែល​បាន​លេច​ឡើង​នៅ​សម័យ​នោះ) ។ ដូច​លោក​មាន​ប្រសាសន៍ ក្នុង​សម័យ​បច្ចុប្បន្ន សៀម​នៅ​តែ​ប្រើ​អក្សរ​បែប​នេះ​សម្រាប់​សរសេរ​គាថា​លើ​យ័ន្ត្រ ឬ សាក់​លើ​ខ្លួន​មនុស្ស ព្រោះ​ជា​តួ​អក្សរ​ស័ក្តិ​សិទ្ធិ ។ រី​ឯ​អក្សរ​សៀម​វិញ គ្រាន់​តែ​ជា​អក្សរ​សម្រាប់​ផែន​ដី កិច្ចការ​រាជការ​និង​រដ្ឋបាល​ប៉ុណ្ណោះ ទោះ​បី​ជា​ព្រះ​ត្រៃ​បិដក​ជា​ភាសា​បាលី គេ​សរសេរ​ជា​អក្សរ​សៀម​វិញ ។ ​ ពី​ដើម សៀម​មិន​ដែល​សរសេរ​គាថា​បាលី ឬ ពុទ្ធវចនា​ជា​ភាសា​បាលី ជាអក្សរ​សៀម​ឡើយ ។ សៀម​ហៅ​អក្សរ​បែប​នេះ​ថា អក្សរ​ខម ព្រោះ​ខម​ គឺ​ជា​ជន​ជាតិ​ខ្មែរ ។ សៀម​ហៅ​ខ្មែរ​សម័យ​អង្គរ​ថា ខម ៗ ។

[19] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក ខ គ ឃ ង នេះ គឺ​ជា​អក្សរ​មូល មិន​មែន​ជា​អក្សរ​ខម​ទេ ។ ខ្ញុំ​បាន​មើល​គម្ពីរ​សៀម​ជា​ភាសា​សៀម​និង​បាលី តែ​សរសេរ​ជា​អក្សរ​ខម (អក្សរ​ខ្មែរ) (រហូត​ដល់​ចុង​ ស.វ. ទី ១៩ សៀម​សរសេរ​សៀវភៅ​ទេសន៍​ភាសា​សៀម​ជា​អក្សរ​ខម) ។ ក្នុង​សាស្ត្រា​ទាំង​នេះ ខ្ញុំ​បាទ​មិន​ដែល​ឃើញសៀម​សរសេរ ក មាន​រូប​សណ្ឋាន​ជា ក​ ឬ ង ជា ង ឡើយ ។ គេ​សរសេរ​ដូច​ត​ទៅ​ជា​និច្ច ៖ ក និង ង ។ ខ្ញុំ​បាទ​បាន​សាក​សួរ​និស្សិត​ជាតិ​ដាណឺម៉ាក​ម្នាក់ សព្វ​ថ្ងៃ​ កំពុង​ធ្វើ​សរណា​ស្រាវ​ជ្រាវ​ស្តី​ពី​រឿង ព្រះ​មាល័យ របស់​សៀម ជា​ភាសា​សៀម តែ​សរសេរ​ជា​អក្សរ​ខ្មែរ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​អាន​ក្រាំង​និង​សាស្ត្រា​ស្លឹក​រឹត​ច្រើន​ច្បាប់ ច្រើន​ខ្សែ មក​ពី​ប្រទេស​សៀម បាន​ប្រទះ​ឃើញតួ ក តែ​ម្តង​គត់ ក្នុង​ឃ្លា​ចុង​បញ្ចប់​រឿង​មួយ (សរសេរ​ជា​ភាសា​សៀម) ។ ចំណែក​ឯ​របៀប​សរសេរ​តួ ក ខ គ ឃ ង ខ្ញុំ​បាទ​បាន​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​បំផុត​ក្នុង​សាស្ត្រា​ស្លឹក​រឹត វាន និង​សៀវភៅ​សរសេរ​ដែល​ពួក​បារាំង​បាន​នាំ​មក​ប្រើ​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ សតវត្ស​ទី ១៩ ។ ដែល​អ្នក​ប្រាជ្ញ​សព្វ​ថ្ងៃ ច្រឡំ​អក្សរ​មូល​និង​អក្សរ​ខម ខ្ញុំ​បាទ​គិត​ថា មាន​មូលហេតុ​ ២ ។ ទី ១ នៅ​ប្រទេស​កម្ពុជា អក្សរ​ខម​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ ស.វ. ទី ២០ ហើយ​គេ​បាន​យក​អក្សរ​នេះ​សម្រាប់​យីហោ ស្លាក ។ល។ ទី ២ ដល់​ពេល​យក​បែប​អក្សរ​នេះ ធ្វើ​ជា​សំណ​អក្សរ​ពុម្ព​ គេ​បាន​ធ្វើ​ឲ្យ​តួ​អក្សរ​បែប​នេះ មាន​រាង​ថ្លោស​ និង​មូល​ទៀត ។ ឯ​អក្សរ​មូល​វិញ គេ​មិន​បាន​ធ្វើ​ឲ្យ​សំណ​ពុម្ព​មាន​រាង​ថ្លោស ។ ម្យ៉ាង​ទៀត គេ​បាន​ធ្វើ​ឲ្យ​មាន​រូប​ជ្រុង​បន្តិច ។

ដែល ​ខ្ញុំ​បាន​រៀប​រាប់​នេះ ប្រហែល​ជា​ការ​យល់​ខុស​ពី​ខ្ញុំ​បាទ តែ​ខ្ញុំ​បាទ​បាន​ប្រមូល​ឯកសារ​ជា​ភស្តុតាង​ ដែល​ខ្ញុំ​បាន​ស្កេន និង​សូម​ជូន​ក្នុង​ឯកសារ​មួយ​ទៀត ។

[20] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ ឞ តួ​នេះ ពុំ​មែន​ជាព្យញ្ជនៈ ម (ម) ទេ គឺ​ជា​តួ​ព្យញ្ជនៈ ឞ (ហៅ ស­ប) ជា​ព្យញ្ជនៈ​សម្រាប់​តែ​ភាសា​សំស្ក្រឹត ពុំ​មាន​ក្នុង​ភាសា​បាលី​និង​ខ្មែរ​ទេ ។ ភាសា​សំស្ក្រឹត​មាន​ព្យញ្ជនៈ “ស” បី​តួ (បញ្ចេញ​សម្លេង​ខុស​គ្នា) គឺ ឝ (ហៅ ស­ក) ឞ (ហៅ ស­ប) និង ស (អាច​ហៅ ស­ល) បាន ។ រី​ឯ​ភាសា​បាលី មាន​តែ​តួ ស ប៉ុណ្ណោះ ។ ខ្មែរ​ធ្លាប់​ប្រើ ឝ និង ឞ តាំង​ពី​សម័យ​មុន​អង្គរ​រហូត​ដល់​សម័យ​ក្រោយ​អង្គរ ។ ឧ. សូម​មើល សិលាចារឹក​នគរ​វត្ត និង បទានុក្រម រៀប​រៀង​ដោយ​មហា​ពិទូរ​ក្រសេម ភ្នំ​ពេញ ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​លើក​ទី ២ គ.ស. ១៩៥៨ ព.ស. ២៥០១ ។

[21] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ នៅ​ក្នុង​សៀវភៅ​បោះ​ពុម្ព​ផ្សាយ​នៅ​ស្រុក​ខ្មែរ​រហូត​ដល់​សម័យ​សង្គម​ រាស្ត្រ​និយម ស្រៈ ែ នេះ ក៏​មាន​រូប​សណ្ឋាន​ដូច​នេះ ែ ផង​ដែរ ។

[22] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ​ នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរនី តែ​នៅ​សុរិន្ទ​ គេ​បញ្ចេញ​សម្លេង​ថា ព្រះ​ធរណី មិនបញ្ចេញ​សម្លេង​ថា ព្រះ​ធរនី (ហើយ​ចំពោះ​ខ្មែរ​សុរិន្ទ ​សម្លេង​នេះ​មិន​មែន​ជា​ឥទ្ធិពល​សៀម ព្រោះ​សៀម​មិន​អាច​បញ្ចេញ​ខ្យល់ ី (អី) ដូច​ខ្មែរ​ទេ ។​

[23] ទស្សនៈ​លោក​សាស្ត្រា​ចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ៖ ក្នុង​ចម្រៀង​មួយ​ចំនួន ខ្ញុំ​បាទ​បាន​ឮ​គេ​ថា ប្រពៃណី តាម​អក្ខរាវិរុទ្ធ ទោះ​ជា​ខ្មែរ​ភាគ​ច្រើន​ថា ប្រពៃនី ដូច​លោក​មាន​ប្រសាសន៍ ។

សូម​ថ្លែង​អំណរគុណ​ដល់​លោក​សាស្ត្រាចារ្យ ឃីង ហុកឌី និងលោក​សាស្ត្រចារ្យ មីស្ហែល ឫទ្ធី អង់តែល្ម ដែល​បាន​ជួយ​ពិនិត្យ​ឯកសារ​នេះ ។

អត្ថបទនេះដកស្រង់ចេញពី http://choukhmer.blogsome.com/khmer-vocabulary/khmer-grammar/