Friday, September 4, 2009

បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ

បរិវារស័ព្ទ គឺ​ជា បរិវារ + ស័ព្ទ = ស័ព្ទ​ហែហម ភ្ជាប់​នឹង​ស័ព្ទ​ដើម​ក្នុង​ចំណោម​សមាសនាម​នីមួយៗ ប្រៀបធៀប​ដូចជា​បរិវារ ដើម្បី​សម្រួល​សម្ដី​និយាយ និង​ប្រគំ​ស្នូរ​សម្លេង​ពិរោះ​ផ្ដួល​តាម​សម្លេង​ស័ព្ទ​ដើម​ឲ្យ​មាន​សភាព​ ជាប់​ចុង​ជួន សម្រួល​ដល់​ត្រចៀក​អ្នក​ស្ដាប់​នោះ​ម្យ៉ាង ដើម្បី​ជា​គុណស័ព្ទ ពន្យល់​យ៉ាង​ច្បាស់​នូវ​លក្ខណៈ ឬ​គុណសម្បត្តិ​នៃ​ពាក្យ​ដើម​នោះ​ទៀត​ផង ។

សមាសនាម​ប្រភេទ​នេះ​មាន​ពីរ​យ៉ាង​គឺ ៖

ក. ពាក្យ​ដើម​ផ្សំ​គ្នា​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ ទឹក​ភក់ កន្ទេល​ខ្នើយ ប្រាក់​កាស ព្រៃ​ផ្សៃ ។ល។

សមាសនាម ​ដូច​ខាង​លើ​នេះ សុទ្ធ​សឹង​ជា​ពាក្យ​មាន​ន័យ​ចំហ​ធំៗ​ទាំងអស់​គឺ ទឹក​និង​ភក់ កន្ទេល​និង​ខ្នើយ ប្រាក់​និង​កាស ព្រៃ​និង​ផ្សៃ ។ល។ ពាក្យ​ថា «ផ្សៃ» មួយ​ម៉ាត់​នេះ​ប្រហែល​ជា​អស់​លោក​អ្នក​អាន​ខ្លះ​ពុំ​ដែល​ស្គាល់​ឡើយ គឺ​ជា​ពាក្យ ជួន​ព្រៃ​ភ្នំ ប្រែ​មក​ថា សត្វ​ពស់ ។ ដូច្នេះ ព្រៃ​ផ្សៃ បាន​សេចក្ដី​ថា ព្រៃ​ពស់ ព្រោះ​ស្អូច កាល​សម័យ​ដើម ប្រទេស​យើង​មាន​ព្រៃ​ឈើ​ធំៗ​ច្រើន​ណាស់​ដែល​សម្បូណ៍​ទៅ​ដោយ​សត្វ​ព្រៃ​ ដូចជា ពស់‑ក្អែប​ភ្នំ ជាអាទិ៍ [ពាក្យ «ផ្សៃ» មាន​ពន្យល់​នៅ​ក្នុង​សៀវភៅ​សាវតារ​ខេត្ត​កំពត​របស់​លោក ម៉េណែទ្រីយេ (Ménétrier) និង​ពាក្យ​ «ស្អូច» មាន​ពន្យល់​ក្នុង​សៀវភៅ​វាក្យសព្ទ​របស់​លោក ម៉ូរ៉ា (Moura)] ។

ខ. ពាក្យ​ដើម​ផ្សំ​នឹង​បរិវារស័ព្ទ ដូចជា​ពាក្យ សម្ល​សម្លុក ប្ដី​សី បី​បាច់ ជាតិ​ជៅ ។ល។

ពាក្យ ​ទាំង​ពីរ​ម៉ាត់​ក្នុង​ចំណោម​សមាសនាម​ខាង​លើ​នេះ មាន​តែ​ពាក្យ​ដើម​ទេ ដែល​មាន​អត្ថន័យ​ចំហ រីឯ​បរិវារស័ព្ទ​វិញ​ពុំ​ឃើញ​មាន​អត្ថន័យ​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ តែ​បើ​យើង​ពិចារណា​ឲ្យ​ជ្រៅជ្រះ​ដើម្បី​រិះរក​ហេតុ​ផល​ឲ្យ​សព្វ​គ្រប់​ទៅ យើង​អាច​រក​ឃើញ​គោលដៅ​សំខាន់ៗ​នៃ​បរិវារស័ព្ទ​​ទាំង​នេះ ដែល​មាន​អត្ថន័យ​ជ្រៅ​ហើយ​សំខាន់​ទៀត​ផង ដោយ​ប្រើ​ជា​គុណស័ព្ទ បង្ហាញ​យ៉ាង​ច្បាស់​ឲ្យ​ឃើញ​នូវ​លក្ខណៈ​នៃ​ពាក្យ​ដើម​នីមួយៗ ។

បុព្វហេតុ​ដែល​បណ្ដាល​ឲ្យ​ខ្មែរ​យើង​ប្រើ​បរិវារស័ព្ទ

មុន ​នឹង​ធ្វើ​អត្ថាធិប្បាយ​វែកញែក​រឿង​នេះ សូម​ឆ្លៀត​ឱកាស​ជម្រាប​ដោយ​សង្ខេប​នូវ​ប្រពៃណី​ខ្មែរ​យើង​សម័យ​បុរាណ​ដែល​ មាន​សារៈ​សំខាន់​ទាក់ទង​គ្នា​ជា​លំនាំ​ដើម​ក្នុង​ការ​ប្រើ​បរិវារស័ព្ទ​រហូត ​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

កាល​នោះ​ប្រទេស​ខ្មែរ​ យើង​ជា​មហា​ប្រទេស​មួយ​ក្នុង​ពិភពលោក​ មាន​ព្រំប្រទល់​ធំធេង​ទូលំទូលាយ​ណាស់​ព្រម​ទាំង​មាន​ប្រទេស​រណប​យើង​ជាច្រើន ​ផង ។ អរិយធម៌ និង​វឌ្ឍនធម៌​យើង​ក្ដី សឹង​មាន​ពន្លឺ​រស្មី​ត្រចះត្រចង់​ ប្រកប​ដោយ​កិត្តិស័ព្ទ​ និង​ឥទ្ធិពល​ល្បីល្បាញ​ខ្ទរខ្ទារ​ពាស​ពេញ​នៅ​ចុង​បូព៌ា​ប្រទេស​នៃ​ទ្វីប​ អាស៊ី​ទាំង​មូល ។

ធនធាន​យើង​ទៀត ក៏​សម្បូណ៌​ច្រើន​ជា​អនេកប្បការ​គ្រាន់​តែ​សម្ភារៈ​សម្រាប់​ភ្ញៀវ​កិត្តិយស​ នៅ​ប្រាសាទ​តាព្រហ្ម​តែ​មួយ​ប៉ុណ្ណោះ​ឃើញ​ថា យើង​មាន​ចាន​ជា​ច្រើន​ធុន​ធ្វើ​អំពី​មាស​សុទ្ធ​ពណ៌​ក្រហម​ឆ្អៅ មាន​ទម្ងន់​ទាំង​អស់​ដល់​ទៅ​ប្រាំ​តោន ប្រកប​ដោយ​ក្បាច់​ចម្លាក់​រចនា​ផ្សេងៗ និង​ដាំត្បូង​ពេជ្រ​ទាំង​គ្រាប់​តូច​ធំ និង​ត្បូង​ពណ៌​ឯ​ទៀត​ឆ្លុះ​តាម​ក្បាច់​ផ្កា​ភ្ញី​ផ្សេងៗ​នៅ​លើ​ចាន​នីមួយៗ​ នោះ ។ល។

ព័ត៌មាន​ប្រភេទ​នេះ សូម​អាន​កំណត់​ហេតុ​លោក ជីវ តាក្វាន់ ស្ដី ​អំពី​ប្រពៃណី​អ្នក​ស្រុក​ចេនឡា ប្រែ​ពី​ភាសា​ចិន​មក​ជា​ភាសា​បារាំង​ដោយ​លោក ប៉ូល ប៉េលីយ៉ូ ប្រែ​ពី​ភាសា​បារាំង​មក​ជា​ភាសា​ខ្មែរ​ដោយ​លោក ឌឹក គាម និង​សូម​អាន​សៀវភៅ​ពីរ​ទៀត​និពន្ធ​ដោយ​លោក សឺដេស (G. Coedès) ដែល​មាន​ចំណងជើង ៖

១. វឌ្ឍនធម៌​ឥណ្ឌូនិយម​នៃ​ប្រទេស​ឥណ្ឌូចិន និង​ប្រទេស​ឥណ្ឌូនេស៊ី

២. សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា “ដើម្បី​ងាយ​ស្គាល់​ប្រាសាទ​អង្គរវត្ត

និង ​បញ្ចប់​សូម​អាន​សៀវភៅ​លោក ម៉ូរីស ក្លែស (Maurice Glaize) ស្ដីអំពី​ប្រាសាទ​បុរាណ​ទាំងអស់​ក្នុង​ចំណោម​ប្រាសាទ​អង្គរវត្ត​ទំព័រ​១៨៤ ។

របៀប​ចាត់​ថ្នាក់​នៃ​លំដាប់​ស័ក្តិ​មន្ត្រី​យោធា

កាល ​សម័យ​បុរាណ​ប្រទេស​ខ្មែរ​យើង​រៀប​ចំ​ចាត់​ថ្នាក់​មន្ត្រី​យោធា តាម​លំដាប់​កងទ័ព​ជាតិ​រ៉ូម៉ាំង​ដែល​មេ​ក្រុម​នីមួយៗ​មាន​ងារ​ជា​ដេគួរីយ៉ុង (១០ Décurion) សង់ទីរីយ៉ុង (១០០ Centurion) មីលួរីយ៉ុង (១០០០ Millurion) គឺ​នាយ​ត្រួត​១០​នាក់ ១០០​នាក់ និង​១០០០​នាក់ ។ល។ (សូម​អាន​សៀវភៅ​អង្គរ​និង​ប្រទេស​រ៉ូម) ។

ចំណែក ​មន្ត្រី​យោធា​ខ្មែរ​យើង​វិញ មាន​លំដាប់​ថ្នាក់​របៀប​គ្នា​ដែរ​គឺ នាយ​រយ នាយ​ត្រួត​មនុស្ស​មួយ​រយ​នាក់ នាយ​ពាន់​ នាយ​ត្រួត​មនុស្ស​មួយ​ពាន់​នាក់ នាយ​ម៉ឺន នាយ​ត្រួត​មនុស្ស​មួយ​ម៉ឺន​នាក់ នាយ​សែន នាយ​ត្រួត​មនុស្ស​មួយ​សែន​នាក់ ។

ចំពោះ​នាយ​ម៉ឺន និង នាយ​សែន ដែល​មាន​បណ្ដា​ស័ក្តិ​ធំ​ពេក​ទៅ អ្នក​នៅ​ក្រោម​ឱវាទ​ទាំង​អម្បាលម៉ាន​ពុំ​ហ៊ាន​បន្លឺ​ស័ព្ទ​ស្រដី​ហៅ​ចំ​ងារ​ ថា នាយ​ម៉ឺន ឬ នាយ​សែន​ទេ ម្ល៉ោះហើយ​ពាក្យ​នាយ​មួយ​ម៉ាត់​នេះ​បាន​ក្លាយ​ទៅ​ជា​ពាក្យ​មួយ​ថ្មី​ទៀត​ដែល ​មាន​សម្លេង​បង្អុរ​ឡើង​ដោយ​ញញើត​ញញើម​ខ្លាច​ពុំ​ពិរោះ​គាប់​ថា “នាម៉ឺន នាសែន” ទៅ​វិញ រហូត​ទៅ​ដល់​បំបាត់​ពាក្យ “នា” នេះ​ទៅ​ទៀត ហើយ​ក្លាយ​ទៅ​ជា​ហៅ​ថា លោក​ម៉ឺន​ឯកម៉ឺន​ទោ ។ល។

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ

ការ​ចេញ​ដំណើរ​នៃ​មន្ត្រី​បុរាណ​នោះ បើ​តាម​លោក ជីវ តាក្វាន់ និង ​បព្វជិត​កាតូលិក​អេស្ប៉ាញ៉ុល ឈ្មោះ សង់ អង់តូនីញ៉ូ (Le Frère dominlcan de San Antonio) ដែល​លោក​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថ្វាយ​ព្រះចៅ ដុង ហ្វីលីប (Don Philippe) នៃ​ប្រទេស​អេស្ប៉ាញ​ក្រោម​ចំណង​ជើង​ថា “ព្រឹត្តិការណ៍​ជាក់​ស្ដែង​សង្ខេប​នៃ​ប្រទេស​កម្ពុជា​នៅ​សតវត្ស​ទី​១៦” ប្រែ​ពី​ភាសា​អេស្ប៉ាញ៉ុល​មក​ជា​ភាសា​បារាំង​ដោយ​លោក​ កាបាតុង (A. Cabaton) បោះពុម្ព​ផ្សាយ​នៅ​រាជធានី​ម៉ាឌ្រីដ​ក្នុង​ឆ្នាំ​១៦០៤ បាន​អធិប្បាយ​ថា ៖

ក. នៅ​សម័យ​នោះ មន្ត្រី​ធំៗ​ខ្មែរ​ នឹង​ចេញ​ដំណើរ​ទៅ​ណា​មក​ណា រមែង​មាន​ក្បួន​ហែហម​មុខ​ក្រោយ​មាន​ពេល​រេហ៍ សេនា​បាវព្រាវ មនុស្សម្នា ប្រកប​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿង​ប្រដាប់​ផ្សេងៗ​តាម​លំដាប់​ស័ក្តិ​ធំ​តូច​ ដូចជាៈ មន្ត្រី​ស័ក្តិ​១០​ហ៊ូពាន់​ដែល​ក្លាយ​មក​ពី​ពាក្យ​សៀម “ហ៊ួផាន់” (ក្បាល​ពាន់) គ្រឿង​ហែ​ក្បួន​ត្រូវ​មាន​គ្រែ​ស្នែង ពាក្យ​រាជស័ព្ទ​ហៅ​ថា ព្រះ​សលៀង មាន​ក្លស់​៥​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង​ខៀវ ស្រប​តាម​ឋានៈ​មន្ត្រី​ឆ្វេង​ស្ដាំ ។ល។ ចំពោះ​មន្ត្រី​មាន​ឋានន្តរស័ក្តិ​ពី​១០​ពាន់​ចុះ​មក​ ក្បួន​ហែហម​ជា​កិត្តិយស​មន្ត្រី​ទាំង​នោះ​មាន​ចំនួន​ចុះ​ថយ​ជា​លំដាប់​ មាន​ក្លស់​បាំង​ពី​៤​ចុះ​មក​មួយ ។ល។

ខ. ចំពោះ​ព្រះមហាក្សត្រ​វិញ ក្បួន​ហែហម​ធំ​ជាង​មន្ត្រី ក្លស់​សម្រាប់​បាំង​ជុំ​វិញ​សុទ្ធ​តែ​ពណ៌​ស ឬ​លឿង​តាម​ថ្ងៃ​ធំ ឬ​តូច​ដោយ​ពុំ​មាន​កម្រិត​ចំនួន​ព្រម​ទាំង​គ្រឿង​ប្រដាប់​សម្រាប់​បាំង​ ពន្លឺ​ព្រះអាទិត្យ និង​បក់​កម្ដៅ ដូចជា បាំងសែន​ដែល​សៀម​ហៅ​ថា ប័ងសួន (ប័ងសុរ័យ) មយូរាឆ័ត្រ ចាមរ ឬ​បៃមន់ ។ល។ ពាក្យ​ទាំង​នេះ សូម​មើល​វចនានុក្រម​ខ្មែរ ។

សម្លៀក​បំពាក់

សម្លៀក ​បំពាក់​មន្ត្រី​ខ្មែរ​យើង​តែង​មាន​តាម​លំដាប់​ស័ក្តិ​ជា​មន្ត្រី​ឆ្វេង​ ស្ដាំ ដែល​ប្រកប​ទៅ​ដោយ​ពណ៌​ក្រហម ឬ​បៃតង ត្រូវ​មាន​មួក​មាន​កំពូល​យ៉ត​មាស​ដាំ​ពេជ្រ មាន​សំពត់​អាវ​ចរបាប់​ទាំង​អស់ ព្រម​ទាំង​ស្បែក​ជើង​ស្រោម​ជើង ។

អក្សរ​ខ្មែរ

អក្សរ ​ខ្មែរ​យើង​នោះ​ទៀត​ ត្រូវ​មាន​សភាព​ជា​អក្សរ​អ្នក​អរិយប្រទេស​មួយ គឺ​មាន​សភាព​ដូចជា​សម្លៀក​បំពាក់​ដែរៈ មាន​សក់ ហាក់​ដូច​ជា​មួក មាន​តួ​អក្សរ និង​មាន​ជើង​អក្សរ ហាក់​ដូច​ជា​ស្បែកជើង ។

សម្ដី​និយាយ

សម្ដី ​និយាយ​នោះ​សោត ក៏​ត្រូវ​មាន​វរិវារស័ព្ទ​ហែហម​ជា​លំដាប់​ដែរ ។ ម្យ៉ាង​វិញ​ទៀត ខ្មែរ​យើង​ច្រើន​ប្រឌិត​ពាក្យ​ពេចន៍​ដោយ​ពុំ​មាន​ឫសគល់​ពី​បាលី ឬ​សំស្ក្រឹត ដើម្បី​យក​មក​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ​នៃ​អ្នក​ស្រុក ដូចជា​អាទិ៍ ពាក្យ «កណ្ដុំ​ឆែប…ឆា» ដែល​អ្នក​ខ្លះ​ច្រើន​ ភ្លាត់​មាត់​នៅ​វេលា​ចាក់​ក្រឡេក​ប្រលែង​គ្នា​លេង ។ បើ​ពុំ​បាន​ជា​គិត​ យើង​ស្មាន​ថា​ជា​ពាក្យ​អនុករណៈ ឬ​ឧទានស័ព្ទ ។ ផ្ទុយ​ទៅ​វិញ គឺ​ជា​ពាក្យ​ចំអាស​មួយ​បែប គួរ​ឲ្យ​កោត​សរសើរ​ថ្វី​ដៃ​អ្នក​ប្រាជ្ញ​បុរាណ​ដែល​ចេះ​យក​ពាក្យ «ឆា» មួយ​ម៉ាត់​មក​ដាក់​បញ្ឆោត​ភ្ជាប់​ពី​ខាង​ក្រោយ​បង្អស់​ ដើម្បី​បង្វែង​ដាន​អ្នក​ផង​កុំ​ឲ្យ​នឹង​សង្ស័យ​រក​អត្ថន័យ​ប្រាកដ​ឃើញ ។

ពាក្យ​នេះ យើង​ព្យាយាម​វែក​ញែក​រក​ហេតុផល​ទៅ យើង​អាច​រក​ឃើញ​ច្បាស់​ថា ជា​ពាក្យ​គន្លាស់​កាត់​មាន​សេចក្ដី​ថា “កណ្ដុំ​ឆែប​មួយ​ដួយ” ។ ពាក្យ​នេះ សូម​ជូន​អស់​លោក​អ្នក​អាន​គន្លាស់​ត្រឡប់​ទៅ​វិញ​ខ្លួន​ឯង​ទៅ​ចុះ ។

ពាក្យ «ធ្នើ» វិញ​ក៏​មាន​លំនាំ​របៀប​ដូច​គ្នា​ដែរ​គឺ​ពាក្យ «ធ្នើ» ថ្នាក់​លើ ។ រីឯ​ពាក្យ​ «ក្បាក់» ដែល​ជា​ឈ្មោះ​កូន​ជើង​ពាន​ទំនាប់​ច្រើន​ធ្វើ​អំពី​ប្រាក់​វិញ​គឺ​ជា​ពាក្យ «ក្បាក់​ប្រាន» បាន​សេចក្ដី​ថា «ក្បាន​ប្រាក់» ។ សូម​មើល​ពាក្យ​ ចាន​ក្បាន ។

របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ

តាម ​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​ គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​ គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​ នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ

ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​សេរីសុវត្ថិ ។

ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី

ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។

គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស

នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ

នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

អាស្រ័យ ​ដូច​បាន​អធិប្បាយ​ខាងលើ​នេះ​ស​ឲ្យ​ឃើញ​ថា ចាប់​តាំង​ពី​កិច្ច​ចេញ​ដំណើរ​រហូត​ដល់​សម្ដី​និយាយ​ ព្រម​ទាំង​របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​ទៀត ឃើញ​ថា សុទ្ធ​តែ​មាន​របៀប​ជា​លំដាប់​ថ្នាក់​ខ្ពស់​ទាប មាន​បរិវារ​ហែហម​ជា​កត្តិយស​ជា​ដរាប ។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

ដកស្រង់បន្តចេញពី http://choukhmer.blogsome.com/category/khmer-vocabulary-%E1%9E%9C%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%99%E1%9E%9F%E1%9E%96%E1%9F%92%E1%9E%91%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A/

No comments: