Friday, September 4, 2009

រឿង​ដែល​ខ្ញុំ​ធ្លាប់​យល់​ខុស

ក្រសាំងទាប

ក្រសាំងទាប

នៅ​ពេល​លោក​អ៊ំ​ម្នាក់​រៀបរាប់​អំពី​ឈ្មោះ​អន្លក់​មួយ​ប្រភេទ​ដែល​ដំបូង​ឡើយ​គេ​ប្រាប់​គាត់​ថា​ជា «ក្រសាំង​ខ្ពស់» នោះ ធ្វើ​ឲ្យ​គាត់​យល់​ខុស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន​នឹង​ដឹង​ច្បាស់​ពិត​ប្រាកដ​ថា​ជា «ក្រសាំងទាប» ទេ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត​ក្នុង​ចិត្ត​ថា អ្វី​ដែល​ខ្ញុំ​បាន​ឮ​បាន​ដឹង​ជុំ​វិញ​ខ្លួន​ប្រហែល​ជា​មិន​ជាន់​ដាន​លោក​ អ៊ំ​ទេ​មើល​ទៅ ។ លុះដល់​សប្ដាហ៍​មុន​នេះ ខ្ញុំ​រក​ឃើញ​ថា ខ្ញុំ​បាន​យល់​ខុស​អំពី​ឈើ​ពីរ​ប្រភេទ​គឺ «រកា» និង​ «ក្រឡាញ់»

«រកា» ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Dialium cochinchinense​ ស្ថិត​ក្នុង​អំបូរ Leguminosae-caesalpinioideae ជា​ឈ្មោះ​ឈើ​ព្រៃ​មួយ​ប្រភេទ សន្ដាន​នឹង​គ ដើម​មាន​បន្លា​ធំៗ​រង្វើលៗ ផ្លែ​តូចៗ​ខ្លីៗ​ជាង​ផ្លែ​គ មាន​ប៉ុយ​សាច់​ម៉ដ្ឋ​ត្រសុស​សម្បុរ​ស​ស្រអាប់ ។ តាំង​ពី​ធំ​ដឹង​ក្ដី​មក នៅ​ពេល​ឃើញ​រូប​គំនូរ​នៅ​តាម​វត្ត និង​តាម​ប្រាសាទ ឬ​ស្ដាប់​ចម្រៀង ខ្ញុំ​តែង​តែ​យល់​ថា «រកា (ដែក)» គឺ​គ្រាន់​តែ​ជា​ឧបករណ៍​ម្យ៉ាង​រាង​មូល​ខ្ពស់​មាន​បន្លា​ ​ដែល​ជា​ជំនឿ​ក្នុង​ពុទ្ធសាសនា​ដើម្បី​ដាក់​ទោស​សត្វ​នរក​ដែល​កាល​ពី​នៅ​រស់ ​ធ្លាប់​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ​តែ​ប៉ុណ្ណោះ គឺ​មិន​ដែល​គិត​ថា «រកា» គឺ​ជា​ប្រភេទ​ឈើ​ម្យ៉ាង​នោះ​ឡើយ ។

ដើម​រកា

ដើម​រកា

ដើម​រកា និង​បន្លា

ដើម​រកា និង​បន្លា

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

គំនូរ​វត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

ចម្លាក់​នៅ​ប្រាសាទ​អង្គរវត្ត​ស្ដីពី​ដើម​រកា​ដែក​សម្រាប់​ដាក់​ទោស​សត្វ​នរក​ដែល​បាន​ផិត​ក្បត់​ប្ដី​ប្រពន្ធ

«ក្រឡាញ់» មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Bombax ceiba ស្ថិត​ក្នុង​អំបូរ Bombacaceae ជា​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​បរិភោគ​បាន ។ តាំង​ពី​តូច​រហូត​ដល់​អាយុ​១៧​ឆ្នាំ​ខ្ញុំ​មិន​ដែល​បាន​ឃើញ និង​​បរិភោគ​ផ្លែ​ក្រឡាញ់​ម្ដង​ណា​ឡើយ គឺ​គ្រាន់​តែ​បាន​ឮ​បាន​ដឹង​ថា មាន​ស្រុក​មួយ​ឈ្មោះ «ក្រឡាញ់» ស្ថិត​នៅ​ខេត្ត​សៀមរាប ។ លុះ​ក្រោយ​មក​ក៏​ពុំ​ដែល​បាន​ឃើញ​ដើម និង​ផ្លែ​ក្រឡាញ់​មិន​ទាន់​បក​សម្បក​ឡើយ គឺ​បាន​ត្រឹម​តែ​ឃើញ និង​ទិញ​បរិភោគ​នូវ​ផ្លែ​ក្រឡាញ់​ដែល​មាន​ដាក់​លក់​គិត​ជា​កំប៉ុងៗ​ ប៉ុណ្ណោះ ។ ផ្លែ​ក្រឡាញ់​ប្រភេទ​នេះ​មាន​រសជាតិ​ផ្អែម ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ក្រឡាញ់​មាន​ផ្លែ​ផ្អែម​ស្រេច​ពី​ធម្មជាតិ ។ ប៉ុន្តែ មិន​ដូច​ការ​យល់​ស្មាន​សោះ ផ្លែ​ក្រឡាញ់​ពី​ធម្មជាតិ​គឺ​ «មាន​រសជាតិ​ចត់» ។ ការ​ពិត​គ្រាប់​ផ្លែ​ក្រឡាញ់​ផ្អែម​ដែល​មាន​ដាក់​លក់​នោះ​គឺ​បាន​ឆ្លង​កាត់​ការ​ឆឹង​ស្ករ​ជា​មុន​សូរេច​សោះ ។

ដើម​ក្រឡាញ់

ដើម​ក្រឡាញ់

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ស្លឹក​ក្រឡាញ់ និង​ផ្លែ​ខ្ចី

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

ផ្លែ​ក្រឡាញ់​ទុំ បក​សម្បក​ និង​ឆឹង​ស្ករ​រួច

សរុប​មក​ ឆ្លង​តាម​បទពិសោធន៍​នេះ ពាក្យ​ដែល​គេ​និយាយ​ថា «ចំណេះ​ដឹង​ឥត​ព្រំដែន ឬ​គ្មាន​ទី​បញ្ចប់» គឺ​ពិត​ជា​ត្រឹម​ត្រូវ​ឥត​ខ្ចោះ​មែន ! ចំណែក​ខ្ញុំ​ មាន​រឿង​រ៉ាវ​សាមញ្ញៗ​ជុំ​វិញ​ខ្លួន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ស្វែង​យល់​ជា​ បន្ត​បន្ទាប់ ហើយ​ប្រហែល​ជា​ពេញ​មួយ​ជីវិត​ផង​ក៏​សឹង​មាន ?

No comments: