Friday, September 4, 2009

បំពង់​ពក

បំពង់​ពក

បំពង់​ពក

ពក (ន.) ឈ្មោះ​ឫស្សី​ពួក​មួយ មាន​ប្រហោង​សាច់​ស្ដើង​រឹង​ស្រួយ សម្បុរ​ខាង​ក្រៅ​រលោង សម្រាប់​ប្រើ​ការ​ផ្សេងៗ​មាន​ធ្វើ​ត្រល់ ប៉ី ខ្លុយ​ជាដើម: ត្រល់​ពក ប៉ី​ពក ក្លាក់​ពក បំពង់​ពក ។

តាម ​រយៈ​រឿងនិទាន​ប្រជាប្រិយ និង​តាម​រយៈ​ជីវភាព​ស្រុក​ស្រែ​ជនបទ​ដែល​ខ្ញុំ​បាន​ឆ្លង​កាត់ បំពង់​ពក​ធ្វើ​ឡើង​ពី​កំណាត់​បំពង់​ឫស្សី​ចន្លោះ​ថ្នាំង​២ ចោះ​ប្រហោង​ទ្រវែង​​១ និង​នៅ​ផ្នែក​ខាងលើ​មាន​ដៃ​សម្រាប់​កាន់ ចង​ព្យួរ ហើយ​មាន​កំណាត់​ឈើ​១​ផ្សេងទៀត​សម្រាប់​វាយ ឬ​គោះ​ឲ្យ​ឮ​សូរ “ប៉ុកៗ” ។ ជាធម្មតា គេ​ប្រើ​បំពង់​ពក​សម្រាប់​ជា​សញ្ញា​សម្រាប់​ប្រគូកប្រកាស​ដល់​អ្នក​ផង​នៅ​ ក្នុង​ភូមិ​ នៅ​ពេល​មាន​កើត​ការ​អាសន្ន ឬ​ព្រឹត្តិការណ៍​ចម្លែក ឬ​​អសន្តិសុខ​ផ្សេងៗ ដូចជា ចន្ទគ្រាស សូរ្យគ្រាស ភ្លើង​ឆេះ​ផ្ទះ ចោរ​ប្លន់ ជាដើម ។

មក​ដល់​បច្ចុប្បន្ន បំពង់​ពក​ត្រូវ​បាន​គេ​បំភ្លេច​ចោល ឬ​ក៏​មិន​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ខាងលើ​ឡើយ ពីព្រោះ​ឧបករណ៍​នេះ​ហាក់​ដូចជា​ហួស​សម័យកាល​ប្រើប្រាស់​ទៅ​ហើយ ។ ចំណែក​ខ្ញុំ​វិញ ខាន​បាន​ឃើញ​ឧបករណ៍​នេះ​ស្ទើរ​តែ​២០​ឆ្នាំ​​ទៅ​ហើយ គឺ​នៅ​ចាំ​តែ​ឈ្មោះ​តាម​អ្នកស្រុក​កំណើត​​របស់​ខ្ញុំ​ហៅ​ថា “អំពូកៗ” ប៉ុណ្ណោះ ។ នៅ​តំបន់​ខ្លះ​ គេ​ក៏​ហៅ​ឧបករណ៍​នេះ​ថា "ត្រដោក" ផង​ដែរ ។ អ្វីដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​រលឹក​ដល់​ឧបករណ៍​នេះ​ឡើងវិញ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​ទៅ​បរិភោគ​អាហារ​ថ្ងៃត្រង់​នៅ​ក្នុង​ ភោជនីយដ្ឋាន​មួយ​កន្លែង (មិន​ចាំ​ឈ្មោះ) នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុង​ភូមិសាស្ត្រ​តំបន់​កំពង់ថ្ម ខេត្ត​កំពង់ធំ ។ ភោជនីយដ្ឋាន​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​តូប​ខ្ចុះ​ធ្វើ​ពី​ឫស្សី​ប្រក់​ ស្បូវ​​ដាច់ៗ​ពី​គ្នា​ ហើយ​ស្ថិត​នៅ​ក្នុង​បរិវេណ​​ផ្ទះ​ម្ចាស់​ហាង​តែ​ម្ដង ។ ជាទូទៅ​ ភោជនីយដ្ឋាន​ស្រដៀង​គ្នា​នេះ​នៅ​ភ្នំពេញ ឬ នៅ​ព្រែកលាប គឺ​គេ​មាន​រៀបចំ​កណ្ដឹង​អគ្គីសនី​សម្រាប់​ហៅ​ម្ចាស់​ហាង​នៅ​ពេល​ត្រូវការ​ អ្វី​មួយ ។ ដោយឡែក ភោជនីយដ្ឋាន​នៅ​កំពង់ថ្ម​មួយ​នេះ​វិញ គេ​មាន​ដាក់​បំពង់​ពក​១​នៅ​តាម​តូប​ខ្ចុះ​នីមួយៗ ដើម្បី​គោះ​ជា​សញ្ញា​ហៅ​ម្ចាស់​ហាង ។ នេះ​គឺ​ជា​គំនិត​ច្នៃប្រឌិត​ម៉្យាង​គួរ​ឲ្យ​ស្ងើច​សរសើរ ៕

តូប​ខ្ចុះ​ដែល​ច្នៃ​រចនា​ម៉ូដ​បាន​ល្អ​ដោយ​ប្រើ​ឫស្សី​មូល​តូចៗ

តូប​ខ្ចុះ​ដែល​ច្នៃ​រចនា​ម៉ូដ​បាន​ល្អ​ដោយ​ប្រើ​ឫស្សី​មូល​តូចៗ

បំពង់​ពក​សម្រាប់​គោះ​ហៅ​ម្ចាស់ហាង ឬ​អ្នកបម្រើ​នៅ​ពេល​ត្រូវការ​អ្វី​មួយ

បំពង់​ពក​សម្រាប់​គោះ​ហៅ​ម្ចាស់ហាង ឬ​អ្នកបម្រើ​នៅ​ពេល​ត្រូវការ​អ្វី​មួយ

បំពង់​ពក​ព្យួរ​នៅ​នៅ​លើ​សរសរ​តូប​ខ្ចុះ

បំពង់​ពក​ព្យួរ​នៅ​នៅ​លើ​សរសរ​តូប​ខ្ចុះ

No comments: